2025-12-28 10:30
113

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានសម្តែងការស្វាគមន៍ចំពោះការឈានដល់កិច្ចព្រមព្រៀង “បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ” ដែលមានគោលបំណងបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែន ក្រោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC។

ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានអំពាវនាវឱ្យភាគីទាំងពីរ គោរពការប្តេជ្ញាចិត្តនេះដោយភ្លាមៗ និងអនុវត្តឱ្យបានពេញលេញ តាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ។

សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា “ការអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ នឹងជួយកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ”៕