ស្នូរកាំភ្លើងបាញ់ដ៏សន្ធាប់ រួមនិងការទម្លាក់គ្រាប់បែកលើផ្ទៃអាកាសយ៉ាងរន្ទឺ បង្ករជាសំឡេងកងរំពងពេញត្រចៀកប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាជាច្រើនរយនាក់ ហើយវាកំពុងក្លាយទៅជាឧក្រិដ្ឋកម្មសង្គ្រាមដែលឃោរឃៅ និងព្រៃផ្សៃបំផុតលើដីខ្មែរ ដែលបង្ករឡើងដោយរដ្ឋាភិបាល និងយោធាថៃ។
សម្រែកយំរំពងពីកុមារតូចៗរាប់ម៉ឺននាក់ដែលអាក់ខានមិនបានរៀនសូត្រ រួមនឹងដំណក់ទឹកភ្នែកដ៏ឈឺចាប់ពីប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជារាប់សែននាក់ កំពុងដង្ហើយឲ្យពិភពលោក ឆាប់រកយុត្តិធម៌ឲ្យកម្ពុជា ជាពិសេសប្រទេសមហាអំណាច ប្រញាប់ដាក់ទណ្ឌកម្ម គៀបកថៃឲ្យភ្ញាក់ស្មារតី ឈប់បំពាន និងប្រព្រឹត្តឧក្រិដ្ឋសង្គ្រាមដ៏សាហាវនេះក្នុងដីកម្ពុជាទៀត។
រយៈពេលកន្លងទៅ បើទោះបីជា បណ្ដាប្រទេសមួយចំនួនដូចជា អាមេរិក ចិន ជប៉ុន សហគមន៍អឺរ៉ុប ព្យាយាមអំពាវនាវ និងបង្ហាញការព្រួយបារម្ភជុំវិញជម្លោះកំពុងផ្ទុះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យ៉ាងណាក៏ដោយ ប៉ុន្តែយើងនៅមិនទាន់ឃើញមហាអំណាចណាមួយរកវិធានការដាក់ទណ្ឌកម្មថៃ ដែលកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើដីកម្ពុជានៅឡើយ។
យ៉ាងណាមិញ ថ្មីៗនេះសម្រែកដ៏ក្ដៅរបស់ឥណ្ឌា ជុំវិញការដែលទាហានថៃបានបំផ្លាញរូបទេវរូបនៃព្រហ្មញ្ញសាសនា កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយក្នុងភ្នែកអ្នកកាន់ព្រហ្មញ្ញសាសនាទូទាំងពិភពលោក។
ហើយប្រសិនជា នាយករដ្ឋមន្រ្តីចាំផ្ទះ លោក អានុទីន នៅតែបន្តឆ្លើយតបផ្គើនទៅនឹងការថ្កោសទោសពីឥណ្ឌាទៀតនោះ ផលវិបាកផ្សេងៗអាចតាមអន្ទងប្រទេសថៃ ឲ្យធ្លាក់ចុះយ៉ាងគំហុកដោយពិបាកនឹងស្ដារប្រទេសឡើងវិញក៏អាចថាបាន។
ជាក់ស្ដែង សេដ្ឋកិច្ចថៃកំពុងដំក្បាលចុះបន្តិចម្ដងៗដោយហេតុជួបគ្រោះទុរភិក្ស ភាពចលាចលផ្នែកនយោបាយ បែកបាក់ផ្ទៃក្នុង រួមនឹងការចំណាយថវិកាជាតិអស់រាយលានក្នុងការធ្វើសង្គ្រាមជាមួយកម្ពុជា។
ដូច្នេះប្រសិនជា អានុទីន នៅតែប្រកាន់ជំហមិនរកដំណោះស្រាយណាមួយ ក្នុងការជួសជុសកំហុសឆ្គងដែលទាហានថៃ ថ្លើមធំហ៊ានបំផ្លាញទេវរូបដ៏ពិសិដ្ឋលើដីកម្ពុជាទេនោះ កំហឹងអ្នកដែលកាន់សាសនាព្រហ្មញ្ញដ៏ពិសិដ្ឋ អាចនឹងធ្វើទុក្ខទោសបង្ករផលប៉ះពាល់ដល់សង្គម, នយោបាយ, សេដ្ឋកិច្ច និងវិស័យការទូតទាំងមូលរបស់ថៃ ហើយអាចធ្វើឲ្យថៃចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរដែលពិបាកនឹងស្ដារឡើងវិញ៕




