2025-12-26 09:30
10

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាជំហរម៉ឺងម៉ាត់ ដាច់ខាតក្នុងការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួនតាមរយៈការប្រើសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិប្រឆាំងតបតជាមួយសត្រូវឈ្លានពានទឹកដី»។

នេះជាការថ្លែងរបស់ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ពាក់ព័ន្ធសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្កោលទោសដាច់អហង្ការបំផុតចំពោះការវាយប្រហារព្រៃផ្សៃ អមនុស្សធម៌របស់យោធាឈ្លានពានថៃ មកលើគោលដៅជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងអំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់សម្ពាធលើថៃឱ្យបញ្ឈប់ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរជាបន្ទាន់ ព្រមទាំងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាងការបាញ់។

លោក ប៉ែន បូណា បានបញ្ជាក់ថា «សន្តិភាព គឺជាអាទិភាពខ្ពស់បំផុតដែលរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋខ្មែរបាន។ ទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាជំហរម៉ឺងម៉ាត់ ដាច់ខាតក្នុងការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួនតាមរយៈការប្រើសិទ្ធិការពារខ្លួន ស្របតាមច្បាប់អន្តរជាតិប្រឆាំងតបតជាមួយសត្រូវឈ្លានពានទឹកដី»៕