2025-12-10 16:10
11

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រតិបត្តការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើស «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចំនួន ០១ ករណីទៀត ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់បែបនេះ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច បានរកឃើញជនជាតិថៃ ចំនួន ៧៥ នាក់ (ស្រី ៤៨នាក់) និងវត្ថុតាង រួមមាន ៖ កុំព្យូទ័រយួរដៃ ចំនួន ៦៩ គ្រឿង, Ipad ចំនួន ០៥ គ្រឿង និងទូរសព្ទដៃ ចំនួន ៩២ គ្រឿង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងប្រមូលយក ក្នុងអំឡុងពេលពួកគេ កំពុងប្រតិបត្តិការប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា។ 

បច្ចុប្បន្ន ជនជាតិថៃ ទាំង ៧៥ នាក់នោះ កំពុងបន្តនីតិវីធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺជាទឡ្ហីករថ្មីមួយទៀត ដែលបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ បានកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ស្របតាមច្បាប់ និងគោលនយោបាយ ព្រមទាំងបទបញ្ជាដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូចដែលកម្ពុជា បានប្ដេជ្ញាចិត្តចូលរួមសហការដោះស្រាយបញ្ហានេះជាមួយប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ៕