ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា៖ «គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែគោលដៅរបស់យោធាថៃ តែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅជនស៊ីវិល និងទីកន្លែងស៊ីវិលនោះទេ»។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា «កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែធ្នូនេះ យោធាថៃ បានបើកការវាយប្រហារមកលើកម្លាំងកម្ពុជា និងតំបន់ជនស៊ីវិល ដោយពង្រឹងសមរភូមិ ចំនួន ០៥ ខេត្តរបស់កម្ពុជា រួមមាន៖ ខេត្តព្រះវិហារ ឧត្តមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ រួមទាំងការជម្លៀងចេញពីតំបន់ប្រយុទ្ធទៅកាន់ទីកន្លែងសុវត្ថិភាពរាប់ម៉ឺនគ្រួសារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនពិកា កុមារតូចៗ អ្នកមានជំងឺ ត្រូវប្រឈមមុខការលំបាកខ្លាំងបំផុត។
តាមក្រសួងការពារជាតិ បានបញ្ជាក់ថា យោធាថៃ ចាប់ផ្តើមបាញ់ប្រហារមកលើកម្លាំងកម្ពុជាសារជាថ្មី នៅព្រឹកថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក គិតត្រឹមថ្ងៃនេះ មានរយៈពេល៣ថ្ងៃហើយ។ ចំពោះសកម្មភាពឈ្លានពានរបស់ថៃនេះ កម្ពុជាបានព្យាយាមអត់ធ្មត់ខ្ពស់បំផុត ដោយមិនធ្វើការតបតវិញឡើយ ប៉ុន្តែភាគីថៃ បន្តបើកការបាញ់ប្រហារមិនឈប់ឈរ ពង្រីកគ្រប់សមរភូមិតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយប្រើប្រាស់សព្វាវុធគ្រប់ប្រភេទ រួមទាំង យន្តហោះចម្បាំង F-16 យន្តហោះទម្លាក់គ្រាប់បែក និងបាញ់ផ្សែងពុលផងនោះ ទើបកម្ពុជា សម្រេចចិត្តប្រើសិទ្ធិការពារខ្លួន ការពារអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ព្រមទាំងការពារអធិបតេយ្យ និងបូរណភាពទឹកដីមិនឱ្យបាត់បង់ឡើយ៕






