2025-12-09 11:05
31

ភ្នំពេញ៖ យ៉ាងហោចណាស់ជនស៊ីវិលកម្ពុជា ចំនួន ០៧ នាក់ បានបាត់អាយុជីវិត និង ២០ នាក់ទៀត បានរងរបួសធ្ងន់-ស្រាល ក្នុងអំពើបាញ់ប្រហារយ៉ាងសន្ធាប់ពីសំណាក់យោធាថៃ លើលជនស៊ីវិលកម្ពុជា ដោយគិតចាប់តាំងពីថ្ងៃម្សិលម៉ិញ រហូតដល់ម៉ោង ០៦ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។ 

ក្នុងសន្និសីទបច្ចុប្បន្នភាព ស្តីពី ស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ អំពីព្រឹត្តិការណ៍កងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ព និងជនស៊ីវិលកម្ពុជា ព្រឹកថ្ងៃអង្គារ ទី៩ ធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា៖ យោធាថៃ បានប្រើប្រាសសព្វាវុធ និងយុទ្ធោប្បករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ប្រភេទ រួមមានៈ កាំភ្លើងធំ ថ្មើជើង រថក្រោះ និងបាញ់ផ្សែងពុលនៅតំបន់មួយចំនួន បានធ្វើឱ្យប៉ះពាល់ដល់ប្រជានជនស៊ីវិល ចំនួន ០៧ នាក់ បាត់បង់ជីវិត និង ២០ នាក់ទៀត រងរបួស។

អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖ “ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា”។

ទន្ធឹមនឹងនេះ កម្ពុជា អំពាវនាវឱ្យភាគីថៃ វិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន៕