2025-12-05 07:36
2

ហ្ស៊ឺណែវ៖ នៅរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៩ ស្តីពី ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពហាមឃាត់ និងសម្រួលដល់ការអនុលោមភាពនៃអនុសញ្ញា នៅក្នុងកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីន។

នាឱកាសនោះ លោកឯកអគ្គរាជទូត បានរំលឹកថា “គ្រាប់មីនបានបង្កើតនូវការចងចាំជាប្រវត្តិសាស្ត្រជាតិ និងជះឥទ្ធិពលទៅលើបទពិសោធន៍ប្រចាំថ្ងៃរបស់ប្រជាជនយើង”។ ការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះអនុសញ្ញានេះគឺផ្អែកលើជំនឿសីលធម៌ និងជំនឿថា ច្បាប់មនុស្សធម៌ត្រូវតែនៅជា “ស្ថាបត្យកម្មការពារដ៏រឹងមាំ មិនមែនជាឧបករណ៍ដែលបម្រើដល់ការកេងចំណេញនយោបាយនោះទេ”។

ឆ្លើយតបនឹងការចោទប្រកាន់របស់ថៃអំពី “មីនទើបដាក់ថ្មី” លោកឯកអគ្គរាជទូត បានថ្លែងថា ឧប្បត្តិហេតុដែលបានចោទប្រកាន់នោះបានកើតឡើងនៅក្នុងទឹកដីកម្ពុជា។ ការអះអាងរបស់ថៃ ពឹងផ្អែកលើសម្ភារៈ “ឯកតោភាគីទាំងស្រុង” ដែលផលិតដោយមិនផ្តល់សិទ្ធិដល់កម្ពុជា ឬអ្នកជំនាញអព្យាក្រឹតចូលទៅពិនិត្យទីតាំងជាក់ស្តែង។ នេះជាវិធីសាស្រ្តមួយដែល “ទាបជាងស្តង់ដានៃភាពជឿជាក់ខាងវិទ្យាសាស្ត្រ ឬកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់”។ ការអះអាងដែលមិនអាចទទួលយកការត្រួតពិនិត្យឯករាជ្យ មិនអាចបង្កើតជាមូលដ្ឋាននៃការចោទប្រកាន់អនុលោមភាពក្រោមអនុសញ្ញានេះបានទេ។

ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំ UN បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ុនប៉ងជាបន្តបន្ទាប់របស់ថៃ ក្នុងការធ្វើឱ្យយន្តការអនុលោមតាមអនុសញ្ញាក្លាយជាឧបករណ៍នយោបាយ ដោយព្រមានថា យន្តការនេះមិនដែលត្រូវបានបម្រុងទុក ដើម្បីបម្រើជា “ឧបករណ៍ក្នុងជម្លោះទ្វេភាគី ឬឧបករណ៍សម្រាប់ការផ្ញើសារជាយុទ្ធសាស្ត្រ” នោះទេ។ 

ការប្រើប្រាស់ខុសបែបនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញទំនុកចិត្ត និងធ្វើឱ្យអនុសញ្ញាចុះខ្សោយសម្រាប់រដ្ឋភាគីទាំងអស់។

ឯកអគ្គរាជទូតបានបញ្ជាក់ឡើងវិញថា មាត្រា ៨ នៃអនុសញ្ញាតម្រូវឱ្យមានការពិគ្រោះយោបល់ពិតប្រាកដមុនពេលចាត់វិធានការជាផ្លូវការណាមួយ ហើយការសម្រេចរបស់ថៃ ក្នុងការរំលងកាតព្វកិច្ចនេះបង្ហាញ “ចេតនាក្នុងការប្រើប្រាស់ឧបករណ៍អនុលោមភាពរបស់អនុសញ្ញា សម្រាប់គោលបំណងដែលមិនទាក់ទងនឹងសកម្មភាពមីនទាល់តែសោះ”។ 

លោកឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា “ការអនុវត្តបញ្ច្រាសបែបនេះបានប្រែក្លាយការស៊ើបអង្កេតដោយផ្អែកលើការពិតទៅជាការប្រឈមមុនដាក់គ្នាវិញ ហើយនេះជាការរំលោភបំពានលើដំណើរការ ដែលអ្នករៀបចំសេចក្តីព្រាងអនុសញ្ញាព្យាយាមការពារ”។ កម្ពុជាបដិសេធចំពោះការប្រើប្រាស់ខុសមាត្រាបែបនេះ។

ឯកអគ្គរាជទូតបានសន្និដ្ឋានថា  “ការរំសាយសព្វាវុធក្នុងគោលបំណងមនុស្សធម៌មិនមែនទ្រទ្រង់ដោយភាពសមស្របខាងផ្នែកនយោបាយនេះទេ ប៉ុន្តែដោយឥរិយាបថប្រកបដោយគោលការណ៍” ដោយអំពាវនាវឱ្យរដ្ឋភាគីទាំងអស់រក្សាភាពសុចរិតនៃភស្តុតាង ទប់ទល់នឹងការធ្វើនយោបាយូបនីយកម្ម និងរក្សាគោលបំណងមនុស្សធម៌ចម្បងនៃអនុសញ្ញា៕