2026-05-03 12:03
6

កំពង់ស្ពឺ៖ កាលពីយប់ថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីមង្គលការមួយ បានប្រែពីភាពសប្បាយរីករាយ មកជាសម្រែកជេរប្រមាថ និងការវាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យមនុស្ស ចំនួន ៣ នាក់ រងរបួសធ្ងន់ និងស្រាល ស្ថិតក្នុងភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា កម្មវិធីរៀបការបានប្រព្រឹត្តទៅអស់រយៈពេលជាង ៧ ម៉ោងយ៉ាងរលូនភ្ញៀវចូលរួមអបអសាទរយ៉ាងគគ្រឹកគ្រេង ប៉ុន្តែលុះកម្មវិធីបន្តដល់វេលាម៉ោង ២១:៣០នាទីយប់ ស្រាប់តែមានការទាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំងរវាងភាគីខាងកូនក្រមុំ និងភាគីខាងកូនកំលោះ។ ចំពោះមូលហេតុនៃជម្លោះនេះ បណ្តាលមកពីចរិត «ជើងខ្លាំងរៀងៗខ្លួន» រហូតផ្ទុះហិង្សាវាយគ្នាយ៉ាងសាហាវ ធ្វើឱ្យភ្ញៀវដែលចូលរួមរត់ចែកជើងគ្នាផ្អើលពេញរោងការតែម្តង។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការអន្តរាគមន៍នេះ សមត្ថកិច្ចបាននាំខ្លួនមនុស្ស ចំនួន ៣ នាក់មកសាកសួរ៖
•  ភាគីខាងកូនក្រមុំ៖ ឈ្មោះ គល់ បញ្ញា ភេទប្រុស អាយុ ២៣ ឆ្នាំ (រងរបួសក្បាល) និង ឈ្មោះ ឈីន វិសាល ភេទប្រុស អាយុ ១៨ ឆ្នាំ (រងរបួសដៃ និងក្បាល) រស់នៅភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង។

•  ភាគីខាងកូនកំលោះ៖ ឈ្មោះ យ៉ាន់ ចន្រ្ទា ភេទប្រុស អាយុ ៣១ ឆ្នាំ (រងរបួសខ្លួន និងក្បាល) មានទីលំនៅស្រុនៅភូមិពោន ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង។

ក្រោយការសាកសួរជាបឋម នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ កម្លាំងនគរបាលស្រុកសំរោងទង បានបញ្ជូនសំណុំរឿង និងមនុស្សទាំង ៣ នាក់ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕