ភ្នំពេញ៖ «ជាការពិត វិស័យអប់រំប្រទេសកម្ពុជា យើងបានស្គាល់វឌ្ឍនភាពយ៉ាងខ្លាំងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ ក្រោយពីប្រទេសកម្ពុជាមានសន្តិភាពពេញលេញតាមរយៈនយោបាយ ឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សាលារៀនគ្រប់កម្រិតរីកដុះដាលដូចផ្សិតទាំងបរិមាណទាំងគុណភាព។ ពីមុនមនុស្សរត់រកសាលា ឥឡូវសាលារត់រកមនុស្ស។ ក្មួយៗមានសំណាងដែលបានចូលរៀនថ្នាក់ឧត្តមសិក្សា ដែលមានសាលាក៏ល្អ សាស្ត្រាចារ្យក៏ពូកែ មានសម្ភារៈសិក្សាគ្រប់គ្រាន់ អង្គុយរៀនក្នុងម៉ាស៊ីនត្រជាក់»។
ខាងលើនេះ គឺជាការកត់សម្គាល់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងកម្មវិធីបាឋកថា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ប៊ុន្នី វឌ្ឍនៈបញ្ញា សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងនិស្សិត ជាង ២០០ នាក់។
ទន្ទឹមនឹងនេះ លោក ប៉ែន បូណា ក៏បានចែករម្លែកពីគន្លឹះឬអាថ៌កំបាំងដែលជួយឱ្យយុវជនក្លាយខ្លួនជាមនុស្សពូកែលេចធ្លោក្នុងសង្គមយ៉ាងដូច្នេះថា «ប៉ុន្តែ សូមក្មួយៗចងចាំទុកនូវអាថ៌កំបាំងមួយក្នុងការសិក្សា ដើម្បីធ្វើឱ្យខ្លួនយើងពូកែ លេចធ្លោ នោះគឺការតាំងចិត្តនិងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួន»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា សូមក្មួយៗចងចាំថា ទោះជាក្មួយទៅរៀននៅសាលាល្បីយ៉ាងណាក៏ដោយ មានសាស្ត្រាចារ្យពូកែយ៉ាងណាក៏ដោយ តែបើក្មួយគ្មានការតាំងចិត្ត និងខិតខំប្រឹងប្រែងដោយខ្លួនឯងទេ ក្មួយមិនអាចក្លាយជាមនុស្សពូកែដូចកេរ្តិ៍ឈ្មោះរបស់សាលាបានឡើយ។ ផ្ទុយទៅវិញ ទោះបីជាក្មួយរៀននៅលាសាមិនសូវល្បី តែបើក្មួយមានការតាំងចិត្តខិតខំដោយមានគោលដៅច្បាស់លាស់ក្មួយក៏អាចក្លាយជាមនុស្សពូកែលេចធ្លោបានដែរ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនដែលបានឆ្លងកាត់សម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលមិនបានរៀនសូត្រពីក្មេងដូចកុមារក្នុងសម័យបច្ចុប្បន្នទេ។ បើតាមលោកប៉ែន បូណា ទោះជាការរៀនសូត្រយឺតពេល និងរៀនក្នុងស្ថានភាពដ៏លំបាក ខ្វះសព្វ ខ្វះគ្រប់ ប៉ុន្តែ ការតាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត គឺជាគន្លឹះដែលមិនអាចមើលរំលងបាន ដើម្បីអាចឈរជើងក្នុងសង្គមបានដូចសព្វថ្ងៃ។
សូមបញ្ជាក់ថា បាឋកថានេះ មានគោលបំណងសំខាន់ៗ ចំនួន ០៤ រួមមាន៖ ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។ ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ។ ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មាន ដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕





