2025-12-03 16:27
20

ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការសម្ងាត់លើយុទ្ធនាឡិកា នៅវេលាម៉ោង ០១និង៤០នាទី រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ បង្ហាញលទ្ធផលជោគជ័យ ក្នុងការបង្ក្រាបបណ្តាញផលិត-ជួញដូរ សារធាតុញៀន ៥ គោលដៅ ចាប់បានជនជាតិចិន ចំនួន ០៦ នាក់ និងខ្មែរម្នាក់ រកឃើញសារធាតុញៀនជិត ៤០ គីឡូក្រាម។

ប្រតិប្តិការនេះ អនុវត្តតាមបទបញ្ជាររបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ; ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរង; និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង។ ក្រុមប្រតិបត្តិការនេះ ក្រោមការដឹកនាំផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក សេង ម៉េងស្រ៊ុន។

ក្នុងសេចក្តីបង្ហាញលទ្ធផល កម្លាំងបានបង្ក្រាបបណ្តាញផលិត កែច្នៃ ជួញដូរ និងរក្សាទុកគ្រឿងញៀន ចំនួន ៥ គោលដៅ, ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ រួមមាន ជនជាតិចិន ០៦ នាក់ និងជនជាតិខ្មែរ ០១ នាក់។ ចំពោះវត្ថុតាងដែលបានរកឃើញ មានដូចជា៖ គ្រឿងញៀន ប្រភេទ Cocaine ទំងន់ ១២,១៧៤.៨៩ ក្រាម,  គ្រឿងញៀន ប្រភេទ MDMA (Ecstasy) ទំងន់ ៥,៨២១.៥៨ ក្រាម, គ្រឿងញៀន ប្រភេទ កញ្ចា ទំងន់ ៤៧៥.៤២ ក្រាម, សារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន ទំងន់ ២២,៨៨៤ ក្រាម សរុបរួម៖ សារធាតុញៀន = ១៧,៩៩៦.៤៧ ក្រាម (ស្មើ ១៧.៩៩ គីឡូក្រាម) និងសារធាតុគីមីផ្សំ = ២២,៨៨៤ ក្រាម (ស្មើ ២២.៨៨ គីឡូក្រាម)

ជាមួយនឹងនេះ កម្លាំងបានចាប់យកឧបករណ៍ផលិត និងប្រើប្រាស់គ្រឿងញៀនជាច្រើន ដែលជាផ្នែកសំខាន់ក្នុងការកសាងបណ្តាញលួចផលិតគ្រឿងញៀន។
បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងទាំងអស់ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីតាមច្បាប់។
ប្រតិបត្តិការនេះ បង្ហាញពីការប្តេជ្ញាចិត្តរឹងមាំរបស់នគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបណ្តាញគ្រឿងញៀន ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពសាធារណៈ៕