2025-12-03 16:07
17

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានគូសបញ្ជាក់នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នេះថា “ចាប់ពីឆ្នាំ២០២៦ តទៅ កម្មវិធីប្រកួតប្រដាល់គុនខ្មែរ ដែលមានប្រកួតដាក់ខ្សែក្រវ៉ាត់ ឬដណ្តើមខ្សែក្រវ៉ាត់ ត្រូវបង់ថ្លៃសេវា ១ លានរៀល ក្នុងមួយខ្សែជូនសហព័ន្ធ ដោយមិនមែនជាការបង់ប្រាក់ពីកីឡាករ-កីឡាការិនី នោះទេ គឺជាការទទួលខុសត្រូវរបស់អ្នករៀបចំកម្មវិធីផ្ទាល់”។

ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា ការតម្រូវឲ្យបង់ថ្លៃសេវាថ្មីនេះ គឺមានគោលបំណងចំបង ៣ ដូចជា៖ បង្កើនថវិកាឧបត្ថម្ភក្រុមមន្ត្រីដឹកនាំការប្រកួត រួមទាំងអាជ្ញាកណ្តាល និងចៅក្រម ពី ១០ ម៉ឺនរៀល ឡើងទៅ ១៥ ម៉ឺន រៀលក្នុងម្នាក់ ក្នុងគោលបំណងពង្រឹងគុណភាព និងស្តង់ដារការដឹកនាំការប្រកួតខ្សែក្រវ៉ាត់។ បង្កើនគុណតម្លៃខ្សែក្រវ៉ាត់គុនខ្មែរ ដោយលើកស្ទួយឲ្យខ្សែក្រវ៉ាត់ក្លាយជារបស់មានតម្លៃពិតប្រាកដ និងក្នុងករណី មានការបង្កើតខ្សែក្រវ៉ាត់ច្រើន ដូចដែលកើតមានសព្វថ្ងៃ សហព័ន្ធនឹងទទួលបានចំណូលមួយផ្នែកសម្រាប់ការអភិវឌ្ឍថ្នាល និងជួយគាំទ្រក្លឹបដែលកំពុងខ្វះខាតថវិកា។

ប្រធានសហព័ន្ធ បានបញ្ជាក់ថា ចំពោះកម្មវិធីប្រកួតដែលមិនមានខ្សែក្រវ៉ាត់ នឹងមិនត្រូវបង់ថ្លៃសេវា ១ លានរៀលបន្ថែមឡើយ ហើយសូមឲ្យសាធារណៈមិនយល់ច្រលំថា “កីឡាករ-កីឡាការិនី ជាអ្នកត្រូវបង់ប្រាក់នេះ គឺម្ចាស់កម្មវិធីជាអ្នកបង់ប្រាក់នេះ”។ សហព័ន្ធជំរុញឲ្យអ្នករៀបចំកម្មវិធីគ្រប់ភាគី យល់ដឹងត្រឹមត្រូវ និងរួមចំណែកលើកកម្ពស់គុណភាពកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរឹងមាំ និងមានស្តង់ដារក្នុងតំបន់។

សូមរំឭកថា លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កន្លងមកថា គោលការណ៍នេះ តម្រូវឱ្យបង់ប្រាក់ ១ លានរៀន សម្រាប់គូរដណ្តើមខ្សែរក្រវ៉ាត់ គឺជាផ្នែកមួយជួយពង្រឹងដល់មន្ត្រីរៀបចំការប្រកួត ធ្វើឲ្យខ្សែក្រវាត់មានតម្លៃ និងអភិវឌ្ឍវិស័យកីឡាប្រដាក់គុនខ្មែរ។

លោក ខូវ ឆាយ បានលើកឡើងអំពីការជួយពង្រឹកមន្ត្រីរៀបចំការប្រកួត ថា “ការប្រកួតខ្សែក្រវាត់កន្លងមក ធ្លាប់មានបញ្ហាច្រើនពាក់ព័ន្ធនឹងលទ្ធផល”។ ក្រោយការប្រកួត កីឡាករតែងតែតវ៉ាអំពីលទ្ធផល។ កីឡាករដែលមានការប្រកួតប្រជែងប្រហាក់ប្រហែលគ្នា កីឡាករម្នាក់ៗកម្រទទួលស្គាល់ថា “ខ្លួនឯងចាញ់” ដូច្នេះឲ្យតែកាត់សេចក្តីចេញមកខាងណាឈ្នះ ខាងណាចាញ់ក៏តវ៉ា ដើម្បីពង្រឹងការដឹកនាំការប្រកួតដណ្តើមខ្សែក្រវាត់ឲ្យបានល្អប្រសើរ ក៏ត្រូវមានមន្ត្រីមានកម្រិតខ្ពស់ដឹកនាំក្នុងការប្រកួត។

ក្នងបទសម្ភាសន៍នោះ លោក ខូវ ឆាយ បានរំលេចថា ការឧបត្ថម្ភដល់មន្ត្រីដឹកនាំការប្រកួតដណ្តើមខ្សែក្រវាត់ឲ្យសមស្របទៅតាមការប្រកួតដណ្តើមខ្សែក្រវាត់។ ការប្រកួតដណ្តើមខ្សែក្រវាត់កន្លងមកប្រាក់រង្វាន់ច្រើនដូចជា ១០ លានរៀល, ២០ លានរៀល, ៣០ លានរៀល, ៤០លានរៀល…ហើយមានច្រើនជាងនេះទៀត ប៉ុន្តែមន្ត្រីដឹកនាំការប្រកួតទាំងអាជ្ញាកណ្តាល ចៅក្រម និងគណៈកម្មការ ទទួលបានកម្រៃត្រឹមតែ ១០ ម៉ឺនរៀល ដដែល។ សហព័ន្ធចង់ពង្រឹងឲ្យមានសមាមាត្រគ្នា ការប្រកួតខ្សែក្រវាត់ដែលមានប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភដល់មន្ត្រីរៀបចំការប្រកួតក៏ត្រូវបង្កើនដែរ ដូច្នេះហើយបានជាទាមទារឲ្យម្ចាស់កម្មវិធីត្រូវបង់ប្រាក់បន្ថែម។

លោកបន្ថែមថា សម្រាប់គុនខ្មែរ កន្លងមកអត់ធ្លាប់យកតម្លៃក្នុងការប្រើប្រាស់គុនខ្មែរ ភ្ជាប់ទៅនឹងឈ្មោះខ្សែក្រវាត់ផ្សេងៗទេ ដូចជា ISKA Kun Khmer, WBC Kun Khmer, IPCC Kun Khmer ជាដើម។ ដូច្នេះហើយបានជាសហព័ន្ធទាមទារឲ្យបង់ថវិកាខ្លះ ដើម្បីឲ្យខ្សែក្រវាត់មានតម្លៃក្នុងការប្រើប្រាស់។ មិនមែនចេះតែរៀបចំការប្រកួតណ្តើមខ្សែក្រវាត់តាមចិត្ត ហើយក៏មិនចង់ឲ្យមានខ្សែក្រវាត់ច្រើន ប៉ុន្តែគ្មានតម្លៃនោះទេ៕