2025-12-03 14:53
15

ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកានេះ បានបដិសេធ និងច្រានចោលការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ ថៃ ដែលបានអះអាងថា “មានករណីផ្ទុះមីននៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៤និង២០នាទីរសៀល ជាមីនដែលបានដាក់ដោយកម្ពុជា”។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់ កងទ័ពភូមិភាគទី២ ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ 

ក្រសួងការពារជាតិកម្ពុជា បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ ថៃ មកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ 

យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា “កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤និង២០នាទីរសៀល គឺ “ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ”។ 

ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ កម្ពុជា ក៏សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

ក្រសួងការពារជាតិកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពី “សន្តិភាពរវាងកម្ពុជា និងថៃ” ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕