ហ្សឺណែវ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់បណ្តាមិត្តអន្តរជាតិថា “ទោះបីប្រទេសមិនមែនជារដ្ឋភាគី នៃអនុសញ្ញា ស្តីពី គ្រាប់បែកចង្កោម ការប្រើប្រាស់គ្រាប់បែកចង្កោម គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ ហើយត្រូវតែធ្វើការថ្កោលទោស”។
ការណ៍នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងបញ្ជាក់ប្រាប់ លោកស្រី Pamela Moraga នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា ស្តីពី គ្រាប់បែកចង្កោម ក្នុងជំនួបទ្វេភាគី នៅទីក្រុងហ្សឺណែវ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។
អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងថា “ទោះបីប្រទេសនោះមិនមែនជារដ្ឋភាគី នៃអនុសញ្ញា ស្តីពី គ្រាប់បែកចង្កោម ការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេស លើប្រជាជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះច្បាប់អន្តរជាតិ គោលការណ៍មនុស្សធម៌ និងត្រូវតែធ្វើសេចក្តីថ្កោលទោស”។
លោកទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ អំឡុងជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ បានបង្កផលប៉ះពាល់រយៈពេលយូរ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច។ លោកបន្តទៀតថា ទោះជាស្ថានការណ៍បានធូរស្រាល ការភ័យក្លាយរបស់ប្រជាជននៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែងថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ។
ក្នុងស្មារតីនៃអនុសញ្ញានេះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនរងគ្រោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានទាមទារឱ្យអនុសញ្ញា ស្តីពី គ្រាប់បែកចង្កោម ធ្វើការថ្កោលទោសឱ្យបានខ្លាំងក្លាចំពោះអ្នកប្រើប្រាស់គ្រាប់បែកចង្កោម និងឱ្យទទួលខុសត្រូវចំពោះផលប៉ះពាល់អវិជ្ជមានយូរអង្វែង ជាពិសេសការបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល៕








