ភ្នំពេញ៖ បុរសអ្នកជំនួញម្នាក់ ជាប់ចោទពីបទ៖ «រំលោភលើទំទុកចិត្ត» ដោយសារស៊ីដាច់រថយន្ត FORD RANGER មួយគ្រឿង របស់ស្ត្រីមេម៉ាយម្នាក់ ដែលបានដាក់បញ្ចាំក្នុងតម្លៃ ១៥ ០០០ដុល្លារ ខណៈម្ចាស់រថយន្តយកលុយដើម្បីទៅលោះមកប្រើប្រាស់វិញ ស្រាប់បុរសរូបនេះ ព្យាយាមគេចវេស និងប្លុកលេខទូរសព្ទមិនអាចទំនាក់ទំនងបានអស់រយៈពេលជាខែ ទើបស្រីរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ដើម្បីជួយអត្តរាគមន៍រកយុត្តិធម៌មាន រហូតឈានដល់ការឃាត់ខ្លួន និងមានចំណាត់ការតាមនិតិវិធី។
តាមស្ត្រីឈ្មោះ សុខ សុផារ៉ា អាយុ ៤០ឆ្នាំ មានទីលំនៅផ្លូវប៉េតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មាន ឌីជីថល អឹម អេស ជេ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នេះថា រូបគាត់ជាស្ត្រីមេម៉ាយ ទទួលបន្ទុកចិញ្ចឹមកូនចំនួន ០៤ នាក់ ដោយសារគាត់មានជួបបញ្ហាសុខភាព មានជំងឺគីសដើមទ្រូង ត្រូវការលុយសម្រាប់ព្យាបាល និងវះកាត់ ក៏បានយករថយន្ត ០១ គ្រឿង ម៉ាក FORD RAGER ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ 2BX-0257 ទើបតែបង់រំលោះយកទៅបញ្ចាំឱ្យឈ្មោះ ស៊ន ឃី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ AC20 ភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ ១៥ ០០០ដុល្លារ។
ស្ត្រីរូបនេះ បានរៀបរាប់ទៀតថា ពេលយករថយន្តដាក់បញ្ចាំនោះខ្វះឯកសារ (គ្មានកាតគ្រី) ព្រោះជាប់នៅធនាគារ ទើបឯកភាពគ្នាធ្វើលិខិតបញ្ចាំទៅជាលិខិតលក់-ទិញរថយន្ត ប៉ុន្តែសរសេរបញ្ចាក់ថា “ទទួលប្រាក់កក់ ១៥ ០០០ដុល្លារ” នៅថ្ងៃទី១៤ ខែតុលកា ឆ្នាំ២០២៥។ បន្ទាប់ពីគាត់ទទួលលុយកក់ គឺដកបង់ការ ចំនួន ២ខែមុខ។ ស្ត្រីរងគ្រោះបានបន្ថែមថា បន្ទាប់ពីបញ្ចាំរថយន្តយកលុយទៅព្យាបាលជំងឺដុំគីសមួយរយៈ គាត់ប្រឈមមុខការលំបានជាច្រើន ដោយសារជំពាក់បំណុលធនាគារផង បង់រំលោះរថយន្តផង និងត្រូវបង់ថ្លៃការប្រាក់បញ្ចាំជាប្រចាំ និងទទួលបន្ទុកចិញ្ចឹមកូនៗ៤នាក់ថែមទៀត ធ្វើឱ្យគាត់ស្ទើគិតខ្លីចង់បញ្ចប់ជីវិតម្តងៗ ប៉ុន្តែ ដោយសារអាណិតកូនចេះតែទ្រាំ។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា ក្រោយគាត់ធូស្បើយពីជំងឺ គាត់បានទំនាក់ទំនងឈ្មោះ ស៊ន ឃី ដើម្បីជួបគ្នាបង់លុយផ្តេច និងយករថយន្តនោះមកប្រើប្រាស់វិញ ប៉ុន្តែឈ្មោះបានព្យាយាមគេចវេស និងលេសជាបន្ត រហូតប្លុកលេខទូរសព្ទគាត់ទំនាក់ទំនងលេងបាន និងបាត់ដំណឹងឈឹងមិនដឹងទៅកន្លែងណា សូម្បីកន្លែងដែលបុរសនេះធ្លាប់ធ្វើការងារក៏ត្រូវគេបញ្ឈប់ដែរ។ បន្ទាប់ពីជននេះប្លុកលេខទូរសព្ទលេងទំនាក់ទំនងបាន ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីសុំអត្តរាគមន៍ជួយរកយុត្តិធម៌ និងចាត់ការទៅតាមផ្លូវច្បាប់។
ស្ត្រីឈ្មោះ សុខ សុផារ៉ា បានបញ្ជាក់ថា រថយន្តរបស់គាត់បន្ទាប់ពីបញ្ចាំឈ្មោះ ស៊ន ឃី បានយកទៅប្រើប្រាស់ផ្ទាល់ខ្លួនយ៉ាងរំភើយ ដោយដោះស្លាកសម្គាល់រថយន្តរបស់គាត់ចេញ និងបានបំពាក់ស្លាកលេខថ្មី ខេមរភូមិន្ទ២ ២-៧៦៧៧ ស្ទួនគ្នាជាមួយរថយន្តផ្ទាល់ខ្លួនគាត់ ០១ គ្រឿងទៀត ម៉ាក FORD RANDER ពណ៌ស ស៊េរីឆ្នាំ២០២៥។
បន្ទាប់ពីមានបណ្តឹង មន្ត្រីនគរបាលយុត្តិធម៌ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញលិខិតកៅហៅឈ្មោះ ស៊ន ឃី ឱ្យចូលខ្លួនមកបំភ្លឺពាក់ព័ន្ធសំណុំរឿងរំលោភលើសេចក្តីទុកចិត្ត ចំនួន ០២ លើក គឺ លើកទី១ នៅថ្ងៃទី០១ និងលើកលើទី២ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែ បុគ្គល ស៊ន ឃី មិនចូលខ្លួនតាមលិខិតកោះហៅរបស់ប៉ូលិសឡើយ។ ដោយសារការគេចវេសមិនព្រមចូលខ្លួនមកបំភ្លឺ និងដោះស្រាយបញ្ហានេះ ទើបនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន ហើយត្រូវការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ឃាត់ខ្លួននាំកាន់ស្នងការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។
តាមប្រភពបានបង្ហើបឱ្យដឹងថា ក្រោយបញ្ចប់និតិវិធីក្នុងដំណាក់កាលស៊ើបអង្កេត និងកសាងសំណុំរឿងរបស់មន្ត្រីនគរបាលយុត្តិធម៌ កម្លាំងជំនាញព្រហ្មទណ្ឌបានបញ្ជូនសំណុំរឿង និងជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៣និង១៥នាទីរសៀល ដោយដំណើរនៃការសាកសួរមិនទាន់បញ្ចប់ ទើបបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញវិញ ដើម្បីរងចាំមានចំណាក់ការបន្ត។
ពាក់ព័ន្ធករណីខាងលើនេះ ស្ត្រីរងគ្រោះបានបញ្ជាក់ថា ចំពោះរថយន្តគាត់ដែលបញ្ចាំនោះ ត្រូវបានឈ្មោះ ស៊ន ឃី អះអាងថា “លក់ឱ្យគេបាត់ហើយ”។ ស្ត្រីរងគ្រោះស្នើសុំឱ្យសមត្ថកិច្ច ជាពិសេសតុលាការជួយរកយុត្តិធម៌ឱ្យជននេះសងរថយន្តមកគាត់វិញ ដើម្បីយកទៅលក់សងបំណុលធនាគារ និងផ្តន្ទាទោសតាមផ្លូវច្បាប់៕











