2025-12-03 09:36
87

ព្រះសីហនុ៖ កម្លាំងអនុវត្តច្បាប់កម្ពុជា បានធ្វើអំពើសហការជាមួយនគរបាលអន្តរជាតិ (Interpol) និងអាជ្ញាធរឥណ្ឌូណេស៊ី ក្នុងការឃាត់ខ្លួន និងបញ្ជូនជនមុខសញ្ញាអន្ដរជាតិម្នាក់ ត្រឡប់ទៅប្រទេសដើមវិញ ក្រោយត្រូវចេញ និវេទន៍ក្រហម (Red Notice) ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន។

ការបញ្ជូននេះ បានអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមយ៉ាងសកម្មពីកម្លាំងនគរបាលជំនាញកម្ពុជា និងកម្លាំងនគរបាលឥណ្ឌូណេស៊ី។ ជនសង្ស័យត្រូវបានបញ្ជូនចេញពីកម្ពុជា ទៅកាន់ប្រទេសដើមវិញ នៅល្ងាចថ្ងៃទី០២ ខែធ្នូ ម្សិលមិញនេះ។

នៅថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០២៥ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៤០នាទី នាយកដ្ឋានចារកម្មបានឃាត់ខ្លួន ស្ត្រីជនសង្ស័យម្នាក់ មានឈ្មោះ ASTUTIK DEWI, អាយុ ៤២ ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី នៅត្រង់ចំណុច សណ្ឋាគារ Novotel ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីនគរបាលឥណ្ឌូណេស៊ី ផ្តល់ព័ត៌មានអំពីទីតាំងស្នាក់នៅរបស់ជនសង្ស័យ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថានម្នាក់ទៀតផងដែង ដោយដកហូតរថយន្តម៉ាក Prius ពណ៌ស ស្លាកលេខ ភ្នំពេញ 2BI-9815 ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងដែរ។

ប្រតិបត្តិការឃាត់ខ្លួន និងបញ្ជូនជនមុខសញ្ញាអន្តរជាតិមួយនេះ បានធ្វើឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការស្នើសុំតាមរយៈការចេញ និវេទន៍ក្រហម (Red Notice) របស់នគរបាលអន្តរជាតិ (Interpol) ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីដ៏ធ្ងន់ធ្ងរនេះ។ បន្ទាប់ពីបញ្ចប់នីតិវិធីសាកសួរ និងរៀបចំឯកសារត្រឹមត្រូវក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនស្ត្រីឈ្មោះ DEWI ASTUTIK ចេញពីអាកាសយានដ្ឋាន “មរតកតេជោ” តាមយន្តហោះពិសេស នៅម៉ោង ១៦និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៥។ 
នាងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរបសកម្ពុជា ប្រគល់ជូននគរបាលឥណ្ឌូណេស៊ី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ នៅប្រទេសដើមវិញ៕