2025-11-13 10:29
9

ភ្នំពេញ៖ ក្រោយពីការវាយប្រហារដោយប្រដាប់អាវុធ របស់កងយោធាថៃ មកលើជនស៊ីវិលកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងទឹកដីកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួស។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថា ការប្រព្រឹត្តអំពើដ៏សាហាវយង់ឃ្នងមកលើជនស៊ីវិលកម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ទង្វើរបស់កម្លាំងប្រដាប់ដោយអាវុធថៃ បានបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកល ស្តីពី សិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) កតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) និងអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (CAT) ព្រមទាំង បានបំពានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលមាន លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និង លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានធ្វើជាសាក្សី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ ។

នៅក្នុងញត្តិបន្ទាន់នោះ គ.ស.ម.ក. បានអំពាវនាវ និងលើកសំណើមួយចំនួន រួមមាន៖ បញ្ឈប់រាល់សកម្មភាពអរិភាពយោធា និងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជា។ ធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងដាក់ទោសចំពោះឧក្រិដ្ឋកម្មនេះ។ ផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងដល់ជនរងគ្រោះ និងគ្រួសារ។ ពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារកិច្ចព្រមព្រៀង នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬ នីតិវិធីពិសេសពាក់ព័ន្ធនានា។ ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃស្ថានភាព និងទប់ស្កាត់ការកើតឡើងវិញ។ ឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជា ទាំង១៨នាក់ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។

គ.ស.ម.ក. ក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិមនុស្សអន្តរជាតិ និងអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យប្រទេសថៃ ទទួលខុសត្រូវទាំងស្រុង និងចាត់វិធានការជាបន្ទាន់ ដើម្បីធានាយុត្តិធម៌ ជូនជនរងគ្រោះ និងការការពារជនស៊ីវិលទាំងអស់នៅតាមព្រំដែន កម្ពុជា-ថៃ៕