2025-11-13 10:32
9

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានចាប់ផ្តើមយុទ្ធនាការអប់រំផ្សព្វផ្សាយទ្រង់ទ្រាយធំ ចុះទៅកាន់ ១៥១ គោលដៅ ទាំងភ្នំពេញ និង ៧ ខេត្ត ចាប់ពីថ្ងៃទី ១១ ខែវិច្ឆិកា រហូតដល់ទិវា ៩ ធ្នូ។ មន្ត្រីក្រុមការងារ ចំនួន ៧ ក្រុម បានចុះផ្សព្វផ្សាយ ស្តីពី «ច្បាប់គតិយុត្ត» និង «យន្តការប្រយុទ្ធប្រឆាំងអពើពុករលួយ» ដើម្បីបណ្តុះ «វប្បធម៌សុចរិត» ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ គ្រឹះស្ថានអប់រំសិក្សា ទីផ្សារ ទីប្រជុំជន និងតំបន់ទេសចរណ៍ ជាដើម ។

ជាក់ស្តែងនៅថ្ងៃទី១២ ខែវិច្ឆិកានេះ ក្រុមយុទ្ធនាការពីរក្រុម គឺក្រុមទី ១ ដឹកនាំដោយលោកស្រី សុខ សុផាន់នី និងសហការី ៩ រូបទៀត បានចុះទៅផ្សព្វផ្សាយ ៤ ទីតាំង គឺនៅវិទ្យាល័យទួលទំពូង, សង្កាត់ទន្លេបាសាក់, សង្កាត់ទួលទំពូងទី១ និងសង្កាត់ទួលទំពូងទី២ ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ និងក្រុមទី ៤ ដឹកនាំដោយលោក លាង ចាន់ថន និងសហការី ៧ រូបទៀត បានចុះទៅសាលាសង្កាត់ផ្សារកណ្តាលទី១ សាលាសង្កាត់ផ្សារកណ្តាលទី២ (យន្តការច្រកចេញចូលតែមួយ) និងប៉ុស្តិ៍នគរបាលសង្កាត់ទាំងពីរ ។

រាល់សកម្មភាពទាំងនេះ ជាការឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកសាង «រដ្ឋបាលស្អាតស្អំ» ដោយផ្អែកលើតម្លាភាព គុណតម្លៃ យុត្តិធម៌ និងការទទួលខុសត្រូវ ។ តាមការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជា «កាតព្វកិច្ចបេះដូង» របស់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជនគ្រប់រូប និងវិស័យឯកជន។

ក្នុងបេសកកម្មនីមួយៗ ក្រុមការងារបានធ្វើបទឧទ្ទេសនាមអំពីអត្ថន័យនៃទិវា ៩ ធ្នូ, រចនាសម្ព័ន្ធរបស់ អ.ប.ព., បិទបដាពាក្យស្លោក ដែលមានខ្លឹមសារប្រយុទ្ធប្រឆាំងអំពើពុករលួយ, យន្តការដាក់ពាក្យបណ្តឹង និងមានកម្មវិធីសំណួរ-ចម្លើយទទួលយករង្វាន់ដល់សិស្សផងដែរ។

ទិវា ៩ ធ្នូនេះ ត្រូវបានអង្គការសហប្រជាជាតិបង្កើតឡើងតាំងពីឆ្នាំ២០០៣ បន្ទាប់ពីមានការអនុម័តអនុសញ្ញាអន្តរជាតិប្រឆាំងអំពើពុករលួយ (UNCAC) ដែលកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកទាំង ១៩១ ប្រទេស៕