2025-11-13 10:31
9

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ប្រើប្រាស់ «សៀវភៅណែនាំសវនកម្មផ្ទៃក្នុង» ដែលក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ពីព្រោះថា សៀវភៅនេះ មិនត្រឹមតែជាឧបករណ៍ត្រួតពិនិត្យប៉ុណ្ណោះទេ គឺថែមទាំងជាយុទ្ធសាស្ត្រសម្រាប់ធានា តម្លាភាព និងគណនេយ្យភាព នៃការងារបរិស្ថានកិច្ច។ 

ការថ្លែងរបស់លោករដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «សៀវភៅណែនាំសវនកម្មផ្ទៃក្នុង» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី បានថ្លែងថា ឯកសារនេះ ផ្សារភ្ជាប់ការងារសវនកម្មផ្ទៃក្នុងទៅនឹងការអនុវត្តការងារ «សុក្រឹតកម្មបរិស្ថានកិច្ច» ដែលមានសសរស្ដម្ភ ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ លោករដ្ឋមន្ត្រី បានរំលឹកពីការដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ ធ្វើឱ្យវិថីចម្បងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភាពស្អាត គឺគ្មានសំរាមប្លាស្ទិកហើររាយប៉ាយនៅតាមដងផ្លូវ។ ចេញពីភាពស្អាត គឺបន្តទៅភាពបៃតង ដោយជំរុញឱ្យមានការធ្វើសុក្រឹតកម្មការងារ ដែលមានរបាយការណ៍ជាក់លាក់ប្រចាំខែ ដោយរំលេចបន្ថែមនូវការងារដែលបានធ្វើរួច និងភាពខ្វះចន្លោះ ដើម្បីបន្តតម្រង់ទិសទៅសម្រេចគោលដៅជាយុទ្ធសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ជាឧបករណ៍ស្តង់ដារសម្រាប់វាស់កម្រិតគុណភាពការងារ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា «មានតែសកម្មភាពការងារដែលយើងបានធ្វើនោះទេ ដែលជាទិន្នន័យសម្រាប់ឱ្យការពិនិត្យ និងវាយតម្លៃ ដោយបង្ហាញនូវលទ្ធផលយ៉ាងសុក្រឹតលើការងារប្រចាំថ្ងៃរបស់យើង ទាំងនេះហើយជាសក្ខីកម្មការងារ ដែលមានតម្លាភាព។»។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ ចំនួន ៣ បន្ថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តការងាររសម្រាប់មន្រ្តីក្រសួងបរិស្ថាន គឺ៖ ១. រៀនសូត្រ ២. អនុវត្តតាម, ៣. ធ្វើឲ្យល្អប្រសើរជាងមុន៕