ភ្នំពេញ៖ ក្នុងជំនួបជាមួយ លោក Rory Mungoven ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ (OHCHR) ដែលជាបុគ្គលសំខាន់មួយ របស់ UN នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជំរុញការដោះលែងកងទ័ពកម្ពុជា ទាំង១៨រូប ដែលកំពុងស្ថិតក្នុងការឃុំឃាំងរបស់កងទ័ពថៃ, ការជំរុញការហាមឃាត់ការប្រើប្រាស់សព្វាវុធខុសច្បាប់អន្តរជាតិក្នុងពេលមានជម្លោះ និងការប៉ះទង្គិចគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ។
នាឱកាសនោះ ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានសម្តែងការខកចិត្តចំពោះប្រទេសស៊ុយអែត ដែលជាប្រទេសគម្រូក្នុងការការពារសិទ្ធិមនុស្ស ដោយបានលក់យន្តហោះចម្បាំង ប្រភេទ Gripen ឱ្យប្រទេសថៃ អំឡុងពេលមានជម្លោះជាមួយនឹងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់សិទ្ធិមនុស្ស ក្នុងការពារសណ្តាប់ធ្នាប់អន្តរជាតិ និងបានស្នើ លោក Rory Mungoven ចំពោះការធ្វើរបាយការណ៍សិទ្ធិមនុស្សអំពីប្រទេសកម្ពុជា សូមឱ្យឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង។
សូមជម្រាបថា លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Rory Mungoven ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ (OHCHR) ចូលជួបពិភាក្សាការងារនៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កិច្ចជំនួបនេះផ្តោតលើការពង្រឹង និងគម្រោងកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នាពេលខាងមុខ។
ក្រៅពីស្វាគមន៍ លោក Rory Mungoven និងសហការី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR ប្រចាំប្រទេសកម្ពុជា នាពេលកន្លងមក។
ក្នុងកិច្ចជំនួបនេះ លោក Rory Mungoven បានថ្លែងអំណរគុណចំពោះលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកនិងសហការី បានចូលជួបពិភាក្សាការងារ។ លោក Rory Mungoven បានកោតសរសើរពីកិច្ចខិតខំរបស់ គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ក្នុងការបង្ហាញពីសារៈសំខាន់នៃសិទ្ធិមនុស្សក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ និងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
លោក Rory Mungoven ក៏បានអរគុណចំពោះគ្រប់ញត្តិដ៏មានសារៈសំខាន់របស់ គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ដែលបានដាក់ទៅឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។ លោក Rory បានបញ្ជាក់ថា «ឧត្តមស្នងការសិទ្ធិមនុស្ស បានយកចិត្តទុកដាក់ខ្ពស់ចំពោះញត្តិទាំងនោះ និងបានតាមដានលើការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសម្រេចបានដំណោះស្រាយសន្តិភាព»។
ចំពោះសំណើ ទាំងពីររបស់លោកទេសរដ្ឋមន្ត្រី លោកនឹងជំរុញកិច្ចការនេះបន្ថែម និងពាំនាំជូនឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស។ ទន្ទឹមនេះ លោក Rory Mungoven បានសាកសួរពីវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ផងដែរ។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានជម្រាបពីវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្ស និងបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងជំរុញការអនុវត្តប្រព័ន្ធគាំពារសង្គម និងកិច្ចការអាទិភាពមួយចំនួនទៀត»៕








