2025-11-11 11:44
2

កម្ពុជា កំពុងត្រៀមស្វាគមន៍តារាចម្រៀង Classical-Opera លំដាប់កំពូលពិភពលោក គឺ លោក Andrea Bocelli ក្នុងការប្រគំតន្រ្តីដ៏ធំ មួយនាពេលខាងមុខ តាមរយៈគម្រោងសហការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Klassics Music Management Limited។ នេះបើតាមការបញ្ជាក់របស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ព័ត៌មាននេះ ត្រូវបានបញ្ជាក់ក្នុងលទ្ធផលនៃរវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដឹកនាំប្រតិភូចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ World Travel Market នៅទីក្រុងឡុងដ៍ កាលពីពេលថ្មីៗនេះ។

តាមក្រសួងទេសចរណ៍ បានឱ្យដឹងថា នាឱកាសដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Andrea Primicerio ភ្នាក់ងារពិភពលោក និងជានាយកក្រុមហ៊ុន Klassics Music Management Limited លើគម្រោងរៀបចំការប្រគំតន្រ្តីដ៏ធំ លំដាប់អន្តរជាតិរបស់តារាចម្រៀងពិភពលោកដ៏ល្បីល្បាញ គឺលោក Andrea Bocelli នៅព្រះរាជាណាចក្រកម្ពុជា។ 

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញលោក Andrea Primicerio និងក្រុមការងារមកពិនិត្យផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចពិត កត្តាសុខសន្តិភាព សុវត្ថិភាពផ្តល់ដល់ភ្ញៀវទេសចរ និងសក្តានុពលទេសចរណ៍នៅកម្ពុជាផងដែរ។

ការមកបង្ហាញខ្លួនកម្មវិធីប្រគុំតន្រ្តីរបស់ លោក Andrea Bocelli ដែលជាតារាចម្រៀង Classical មានឥទ្ធិពលជាងគេនៅពិភពលោក នឹងក្លាយជាកត្តាដ៏សំខាន់ក្នុងការរំកិលវិស័យទេសចរណ៍ និងបង្កើនកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ៕