2025-11-11 11:39
3

ភ្នំពេញ៖ រឿងពិតអំពីជនបរទេសម្នាក់ ដែលធ្លាប់ទទួលរងនឹងភាពអស់សង្ឃឹម និងគ្រោងបោះបង់ជីវិតខ្លួនឯង មុននឹងសម្រេចមកកម្ពុជា។ បុរសជនបរទេសម្នាក់នោះ បានគេសង្កត់ធ្ងន់ថា “ការរស់នៅលើដែនដីខ្មែរ បានបម្លែងជីវិតឱ្យគាត់វិលត្រឡប់ទៅរកសុទិដ្ឋិនិយម និងឆន្ទៈក្នុងការរស់នៅម្ដងទៀត”។

ជនបរទេសម្នាក់ ដែលមានឈ្មោះ Bong Ah Run បានមកប្រទេសកម្ពុជា ដោយក្ដីអស់សង្ឃឹម និងចង់បោះបង់ជីវិតខ្លួនឯងចោល ប៉ុន្ដែនៅពេលដែលបានមករស់នៅកម្ពុជា ធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីលើដែនដីកម្ពុជា។ លោកបានពន្យល់ពីបទពិសោធន៍របស់ខ្លួនថា «កម្ពុជា គឺមិនត្រឹមតែជាគន្លង ដើម្បីគេចចេញពីអតីតកាលដ៏ឈឺចាប់នោះទេ ប៉ុន្តែ ក្លាយជាកន្លែងផ្តល់ “ជីវិតថ្មី” និង “ផ្ទះពិតប្រាកដ” សម្រាប់រូបគាត់»។

លោក Bong Ah Run បាននិយាយថា “ពួកគេមិនព្រមឱ្យខ្ញុំចុះចាញ់! ខ្ញុំមិនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតនោះទេ ខ្ញុំបានមកទីនេះ ដើម្បីបញ្ចប់ជីវិត។ ប៉ុន្ដែកន្លែងនេះ មិនព្រមឱ្យខ្ញុំធ្លាក់ខ្លួនក្នុងសភាពនោះទេ អំពើល្អរបស់ប្រជាជនកម្ពុជា ជាសន្ដិភាពស្ងប់សុខរបស់ខ្ញុំនៅទីនេះ ធ្វើឱ្យខ្ញុំជាប់ចិត្ត ហើយបានព្យាបាល និងកសាងខ្ញុំឡើងវិញនៅផ្ទះ(ស្រុកកំណើត) ប្រក បដោយសុវត្ថិភាព គឺត្រឹមជាក្ដីសុបិនប៉ុណ្ណោះ។ ប៉ុន្តែនៅទីនេះ(កម្ពុជា) វាជាការពិត វាជាស្នាមញញឹម ចង្វាក់បេះដូង ភាពលំឱន កម្ពុជាមិនត្រឹមតែបានផ្ដល់ជីវិតមកខ្ញុំម្ដងទៀតនោះទេ កម្ពុជាផ្ដល់ផ្ទះមកខ្ញុំ”។

បទពិសោធន៍ផ្ទាល់ខ្លួនរបស់ Bong Ah Run ក្លាយជាសក្ខីកម្មសំខាន់មួយ បង្ហាញពីឥទ្ធិពលវិជ្ជមានរបស់កម្ពុជា ដែលល្បីល្បាញដោយសន្តិភាព ប្រជាជនស្លូតត្រង់ និងស្នាមញញឹមរបស់ខ្មែរ ដែលជារាក់ទាក់ចំពោះភ្ញៀវទេសចរ។

តាមរយៈការចែករំលែករឿងនេះ គាត់សង្ឃឹមឱ្យពិភពលោកបានស្គាល់ពីអត្ថន័យ និងតម្លៃដ៏ពិតប្រាកដនៃទឹកដីខ្មែរ ដែលអាចជាកន្លែងប្រមូលផ្ដុំកម្លាំង ចិត្ត និងផ្តល់អនាគតថ្មី សម្រាប់អ្នកកំពុងស្វែងរកអំណរជីវិតវិញ៕