តាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា «ប្រទេសរុស្ស៊ីបានចាប់ផ្តើមអភិវឌ្ឍមីស៊ីលគ្រូសដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មី ដែលអាចហោះដោយល្បឿនលឿនជាងសំឡេងច្រើនដង ជាផ្នែកមួយនៃការពង្រឹងឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ»។
លោកពូទីន បាននិយាយអំឡុងពិធីប្រគល់រង្វាន់រដ្ឋក្នុងវិមានក្រឹមឡាំង ដល់ក្រុមអ្នកបង្កើតមីស៊ីល Burevestnik និងដ្រូនក្រោមទឹក Poseidon ថា ការអភិវឌ្ឍមីស៊ីលជំនាន់ថ្មីនេះ ផ្អែកលើបច្ចេកវិទ្យានុយក្លេអ៊ែរដែលប្រើក្នុងប្រព័ន្ធទាំងពីរនោះ។
លោកបានរៀបរាប់ថា «ការអភិវឌ្ឍបានចាប់ផ្តើមលើជំនាន់ក្រោយនៃមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ ដែលអាចហោះលឿនជាងសំឡេងបីដង ហើយនឹងឈានដល់ល្បឿនលឿនជាងសំឡេងប្រាំដងនៅអនាគត» ដោយចាត់ទុកវាជា «សារៈសំខាន់ប្រវត្តិសាស្ត្រ» សម្រាប់សន្តិសុខរយៈពេលវែង និងសមតុល្យយុទ្ធសាស្ត្ររបស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី ក៏បានបញ្ជាក់ថា «រុស្ស៊ីកំពុងបង្កើតអាវុធជំនាន់ថ្មីដែលផ្អែកលើអង្គភាពថាមពលដូចជាមីស៊ីល Burevestnik និងដ្រូន Poseidon ហើយការច្នៃប្រឌិតទាំងនេះនឹងរួមចំណែកដល់ទាំងវិស័យការពារជាតិ និងឧស្សាហកម្មស៊ីវិល»។
កាលពីថ្ងៃទី២១ ខែតុលា រុស្ស៊ីបានធ្វើតេស្តមីស៊ីល Burevestnik ខណៈនាវារបស់អង្គការ ណាតូ (NATO) មានវត្តមាននៅតំបន់ ប៉ុន្តែរុស្ស៊ីបានអះអាងថា មិនបានជ្រៀតជ្រែកក្នុងប្រតិបត្តិការរបស់ពួកគេឡើយ។ ការសាកល្បងមុនៗ បង្ហាញថាមីស៊ីលនេះអាចហោះឆ្លងចម្ងាយប្រហែល ១៤,០០០ គីឡូម៉ែត្រ ក្នុងរយៈពេល ១៥ ម៉ោង។
Burevestnik ត្រូវបានបង្ហាញជាលើកដំបូងនៅឆ្នាំ២០១៨ ដោយរុស្ស៊ីពិពណ៌នាថា ជាមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពហោះចម្ងាយស្ទើរតែមិនមានដែនកំណត់ ខណៈដែល Poseidon គឺជាដ្រូនក្រោមទឹកមានសមត្ថភាពនុយក្លេអ៊ែរ។
លោកពូទីនបានសង្កត់ធ្ងន់ថា «រុស្ស៊ីនៅតែប្តេជ្ញារក្សាស្ថិរភាពយុទ្ធសាស្ត្រ និងមិនបង្កការគំរាមកំហែងដល់ប្រទេសដទៃទេ ពេលដែលមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតក៏កំពុងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួនដែរ»។
គាត់បានបន្ថែមថា ប្រព័ន្ធមីស៊ីលអន្តរទ្វីប Sarmat នឹងត្រូវដាក់សាកល្បងប្រយុទ្ធនៅឆ្នាំនេះ ហើយនឹងចូលបំពេញភារកិច្ចប្រយុទ្ធពិតប្រាកដនៅឆ្នាំក្រោយ។
អ្នកវិភាគយោធាអន្តរជាតិក្នុងខណៈនេះ បានព្រមានថា ការអភិវឌ្ឍអាវុធប្រភេទថ្មីរបស់រុស្ស៊ីអាចបង្កើនភាពតានតឹងយុទ្ធសាស្ត្ររវាងមហាអំណាច ពិសេសជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធណាតូ៕
ប្រភពព័ត៌មាន៖ CNN / Kremlin / អន្តរជាតិនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥៕




