2025-11-05 12:58
5

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសថា «សហរដ្ឋអាមេរិក បានវាយប្រហារលើនាវាមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានសម្លាប់មនុស្ស ចំនួន ០២ នាក់។ ការណ៍នេះ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងការវាយប្រហារលើនាវានៅតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិក ចាប់តាំងពីដើមខែកញ្ញា មកដល់បច្ចុប្បន្ន មានចំនួនអ្នកស្លាប់កើនដល់ ៦៧ នាក់។

លោក Hegseth បានអះអាងតាមបណ្តាញសង្គមថា នាវាដែលត្រូវវាយប្រហារនោះពាក់ព័ន្ធនឹង “ការជួញដូរគ្រឿងញៀនអន្តរជាតិដោយខុសច្បាប់”។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកច្បាប់បានបង្ហាញការព្រួយបារម្ភថា ការវាយប្រហារទាំងនេះ អាចចាត់ទុកជា “ការសម្លាប់ក្រៅច្បាប់” (extrajudicial killings) ព្រោះមិនបានឆ្លងកាត់ដំណើរការច្បាប់ ឬការចោទប្រកាន់ផ្លូវការណាមួយឡើយ។ 

អ្នកជំនាញច្បាប់អត្តរជាតិ បានលើកឡើងថា៖ “ទោះបីជាគោលដៅត្រូវបានសង្ស័យថាជាអ្នកជួញដូរគ្រឿងញៀន ក៏ដោយ ការសម្លាប់ដោយគ្មានដំណើរការផ្លូវច្បាប់ គឺជាការបំពានលើសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ”។

ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើនាវានៅមហាសមុទ្រប៉ាស៊ីហ្វិក និងការ៉ាប៊ីន បានបង្កការរិះគន់ខ្លាំងពីស្ថាប័នអន្តរជាតិ និងប្រទេសអាមេរិកឡាទីន។ ទោះបីជាគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យនៅសភាអាមេរិក បានស្នើសុំការពន្យល់អំពីមូលដ្ឋានផ្លូវច្បាប់នៃការវាយប្រហារទាំងនេះក៏ដោយ ស្ថានភាពនៅតែស្មុគស្មាញ។

ការប្រកាសអំពីការសម្លាប់មនុស្សបន្ថែមពីរនាក់ ក្នុងការវាយប្រហារលើនាវានៅមហាសមុទ្រប៉ាស៊ីហ្វិក បានកើតឡើងក្នុងពេលដែលនាវាផ្ទុកហោះ USS Gerald R. Ford កំពុងធ្វើដំណើរទៅតំបន់ការ៉ាប៊ីន ដើម្បីចូលរួមក្នុងការបង្កើនកម្លាំងយោធារបស់សហរដ្ឋអាមេរិក នៅអាមេរិកឡាទីន។ ការបង្កើនកម្លាំងនេះមានគោលបំណងប្រយុទ្ធនឹងក្រុមជួញដូរគ្រឿងញៀន ដែលត្រូវបានគេអះអាងថា “បំពានសន្តិសុខសហរដ្ឋអាមេរិក”។ ទីក្រុងវ៉ាស៊ីនតោន បានអះអាងថា លោក Nicolas Maduro  ប្រធានាធិបតីវេណេស៊ុយអេឡា មានពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននេះ។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro បានអះអាងថា «កាលដែលទីក្រុងវ៉ាស៊ីនតោន និយាយថា លោកមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនអន្តរជាតិ គឺជាការចោទប្រកាន់ ដើម្បីប្រើប្រាស់ “សង្គ្រាមប្រឆាំងគ្រឿងញៀន” នៅចុងក្រោយបង្អស់របស់ខ្លួនជាលេស ដើម្បីផ្តួលរំលំគាត់ពីអំណាចតែប៉ុណ្ណោះ»។

លោក Trump ធ្លាប់បានគំរាមថានឹងវាយប្រហារលើគោលដៅលើដីដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដែលអាចនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការជ្រៀតជ្រែកកិច្ចការងារយោធារបស់សហរដ្ឋអាមេរិក នៅអាមេរិកឡាទីន៕