2025-11-05 13:47
3

ចិន៖ តុលាការមធ្យម នៃខេត្ត Shenzhen ប្រទេសចិន បានសម្រេចកាត់ទោសប្រហារជីវិតសមាជិកគ្រួសារ Bai ចំនួន ០៥ នាក់ ដែលត្រូវបានចោទប្រកាន់ថាជាមេក្រុមម៉ាហ្វីយ៉ា នៅតំបន់ Kokang ក្នុងប្រទេសភូមា។ក្រុមនេះបានបង្កើតមជ្ឈមណ្ឌលឆបោកអនឡាញ ចំនួន ៤១ កន្លែង និងបង្ខំប្រជាជនចិនឱ្យធ្វើការក្នុងលក្ខខណ្ឌអមនុស្ស។

ជនជាប់ចោទ Bai Suocheng ដែលជាមេក្រុម និងជាអតីតមេដឹកនាំតំបន់ Kokang ត្រូវបានចោទថា បានប្រើប្រាស់អំណាចនយោបាយ និងយោធា ដើម្បីបង្កើតបណ្តាញឆបោកអនឡាញដែលបោកប្រាស់ប្រជាជនចិនឱ្យបញ្ចូលទិន្នន័យផ្ទាល់ខ្លួន និងបោះបង់ទ្រព្យសម្បត្តិ។ ការស៊ើបអង្កេតបង្ហាញថា មានជនរងគ្រោះ ចំនួន ០៦ នាក់ បានស្លាប់ និងម្នាក់សម្លាប់ខ្លួនដោយសារការបង្ខំធ្វើការ។

រដ្ឋាភិបាលចិន បានបញ្ជូនជនសង្ស័យ ចំនួន ៧៦៣ នាក់ ពីភូមាទៅចិន ដើម្បីស៊ើបអង្កេតបន្ដ។ ការកាត់ទោសនេះជាផ្នែកមួយនៃសកម្មភាពបង្រ្កាបបទឆបោកអនឡាញ ដែលមានលក្ខណៈអន្តរជាតិ ដែលប៉េកាំងបានបើកយុទ្ធនាការយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២៣។

តុលាការ បានឱ្យដឹងថា ក្រុមគ្រួសារ Bai បានឆបោកទ្រព្យសម្បត្តិប្រមាណ ២៩ ពាន់លានយ័ន និងបង្កឱ្យមានការរងគ្រោះយ៉ាងធ្ងន់ធ្ងរដល់សង្គម។ ការកាត់ទោសប្រហារជីវិតត្រូវបានចាត់ទុកថាជាការឆ្លើយតបដ៏តឹងរឹងចំពោះបទឧក្រិដ្ឋកម្មដែលប៉ះពាល់ដល់សុវត្ថិភាពជាតិ៕