2025-11-04 17:16
19

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួងពាក់ព័ន្ធ ប្រជុំពិភាក្សាស្វែងរកការឯកភាពរួមគ្នាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងបង្កើតខឿនសេដ្ឋកិច្ចក្នុងតំបន់នេះ។

ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា «ការជួបជុំគ្នានាពេលនេះ គឺដើម្បីកសាងការឯកភាពរួមគ្នាសម្រេចចិត្ត និងទទួលខុសត្រូវឱ្យបានច្បាស់លាស់ក្នុងការកំណត់បែងចែកតំបន់នីមួយៗក្នុងតំបន់បឹងទន្លេសាប រៀបចំប្លង់គោលនៃការប្រើប្រាស់ដីក្នុងតំបន់នេះ ព្រមទាំងកសាងផែនការនៃការអនុវត្តប្លង់គោលផងដែរ»។ 

លោកឧបនាយករដ្ឋមន្ត្រី យល់ឃើញថា តាមរយៈកិច្ចប្រជុំនាពេលនេះ យើងនឹងមានមូលដ្ឋានដ៏សំខាន់មួយសម្រាប់យើងបោះជំហានទៅមុខ នោះគឺការឯកភាពគ្នាលើផែនការកសាងខឿនសេដ្ឋកិច្ចតំបន់បឹងទន្លេសាបឱ្យក្លាយជារបៀងសេដ្ឋកិច្ច ដើម្បីសន្តិសុខស្បៀង និងសុវត្ថិភាពម្ហូបអាហារ សម្រាប់កម្ពុជានាពេលអនាគត។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «អ្វីដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនាពេលនេះ គឺជាជំហានទី១ ដោយឡែកជំហានទី២ ក្រុមការងារនឹងចុះទៅពិនិត្យមើលឱ្យបានច្បាស់លាស់នៅទីតាំងជាក់ស្តែង ហើយនឹងរៀបចំប្លង់គោលនៃការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងត្រូវធ្វើសៀវភៅ “ស” សម្រាប់កំណត់គោលដៅអភិវឌ្ឍន៍នៅតាមភូមិ ឃុំ ក្នុងបណ្ដាខេត្តនីមួយៗជុំវិញបឹងទន្លេសាប»។ 

ជាមួយនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសន្យានឹងបន្តជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរទន្លេសាប នាពេលក្រោយជាបន្តបន្ទាប់ទៀត ដើម្បីកំណត់នូវអ្វីដែលជាខឿនសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដោយបង្កើតឱ្យបាននូវលំហូរចំណូលសេដ្ឋកិច្ចនៅក្នុងតំបន់បឹងទន្លេសាប៕