គូឡាឡាំពួរ៖ នៅយប់ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ដែលបានជួយសម្របសម្រួលឱ្យមាន «កិច្ចព្រមព្រៀងសន្តិភាព» រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា «ភាគីទាំងពីរកម្ពុជា-ថៃ នឹងអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយតម្លាភាព ហើយភាគីកម្ពុជា ទន្ទឹមរង់ចាំថៃភាគីដោះលែងវីរៈកងទ័ពទាំង១៨នាក់ ដែលមានចែងនៅក្នុងប្រការនៃកិច្ចព្រមព្រៀងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឱ្យត្រលប់មកកម្ពុជាវិញឱ្យបានឆាប់រហ័ស»។
សូមជម្រាបថា កាលពីថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៩ |19th Asean Defence Minister's Meeting (ADMM) នៅមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិទាំង ១១ប្រទេស និងអគ្គលេខាធិការអាស៊ាន៕






