2025-11-01 20:57
53

ភ្នំពេញ៖ នៅយប់ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «នៅក្នុងដំណាក់កាលទី១នេះ កម្ពុជា បានចាប់ផ្តើមកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បានប្រព្រឹត្តទៅនៅទីតាំង ចំនួន ០២ រួមមាន ស្ថិតនៅស្រុកជាំក្សាន្ត និងស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ»។

អ្នកនាំពាក្យបានឱ្យដឹងថា នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

អ្នកស្រី ម៉ាលី សុជាតា បានបន្ថែមថា តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨និង៤៥នាទី គឺជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ សម្រាប់ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

សូមគូសបញ្ជាក់ផងដែរថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ គឺចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដើម្បីបង្ហាញពីការកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែក ចំនួន ០២ គ្រឿង របស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង០០នាទីយប់។

សម្រាប់ភាគីកម្ពុជា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះ បានប្រព្រឹត្តទៅនៅទីតាំង ចំនួន ០២ រួមមាន៖ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ ដោយឡែក ភាគីថៃក៏នឹងធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះផងដែរ។

កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត៕