2025-11-01 14:46
16

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ អគ្គស្នងការនគរបាលជាតិកម្ពុជា បានសម្រេចចាត់តាំងសមាសភាពនាយនគរបាលជាន់ខ្ពស់ចំនួន ១២ រូប ដឹកនាំដោយអគ្គស្នងការរងនគរបាលជាតិ ០១ រូប ដើម្បីចូលរួមអនុវត្តផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជានិងនគរបាលភូមិន្ទថៃ ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ នៅថ្ងៃសៅរ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា សេចក្តីសម្រេចនេះរៀបចំឡើងតាមខ្លឹមសារនៃផែនការសកម្មភាពចំណុចទី៨ស្តីពី “ក្រុមការងារដើម្បីអនុវត្តផែនការសកម្មភាព” និងបានផ្ញើជូននាយឧត្តមសេនីយ៍ KITTHARATH PUNPETCH អគ្គស្នងការនគរបាលភូមិន្ទថៃ ជាផ្លូវការរួចហើយ ដោយអនុលោមតាមស្មារតីកិច្ចប្រជុំពិសេសលើកទី១ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង និងកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការ ព្រំដែនទូទៅ GBC កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមកលើបច្ចេកទេសស៊ើបអង្កេត វត្ថុតាង និងការអនុវត្តវិធានការច្បាប់ចំពោះជនសង្ស័យ ដោយគោរពតាមគោលការណ៍ច្បាប់នៃប្រទេសទាំងពីរ។ 

ការបង្កើតក្រុមការងារនេះ ភាគីទាំងពីរត្រូវជូនដំណឹងជាផ្លូវការឱ្យគ្នាទៅវិញទៅមក នូវសមាសភាពក្រុមការងារ ដើម្បីអាចចាប់ផ្តើមអនុវត្តផែនការសកម្មភាពភ្លាមៗ៕