2025-10-24 21:51
15

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមន ក្រោមការសម្របសម្រួលនិតិវិធី ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ បានចុះត្រួតពិនិត្យទីតាំងបន្ទប់ D2702, D1003 អគារ D ជាន់ទី១០ និងទី២៧ ក្នុងខុនដូរ «វិមានកុលាប» ស្ថិតតាមបណ្តោផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការឆបោកប្រព័ន្ធអនឡាញ បែបលក្ខណៈស្នេហា ឬហៅថា «Romance Scam» ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៩ នាក់ នាំយកមកសាកសួរតាមនិតិវិធី។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ១៩ នាក់ ជាជនជាតិវៀតណាម (ស្ត្រី ០៥ នាក់) និងបានដកហូតបាន អាវុធខ្លី ០១ ដើម, កុំព្យូទ័រ ALL in One ចំនួន ២៤ គ្រឿង, ម៉ូនីទ័រ ០៩ គ្រឿង, ទូរសព្ទ ២២ គ្រឿង, Laptop ០១ គ្រឿង, CPU ០១ គ្រឿង និងលិខិតឆ្លងដែន ចំនួន ០២ ក្បាល។

ក្រោយពេលធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច(វត្ថុតាង)ទាំងនេះ សមត្ថកិច្ចជំនាញបានរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងការឆបោក ដោយការក្លែងឯកសារសាធារណៈដើម្បីនាំពលករទៅធ្វើការនៅក្រៅប្រទេស និងករណីឆបោកបែបលក្ខណៈស្នេហា(Romance Scam)

ពាក់ព័ន្ធករណីនេះ អាជ្ញាធរមានសមត្ថកិច្ច បន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ចំណែកជនសង្ស័យ និងវត្ថុតាងបានប្រគល់ជូន សមត្ថកិច្ចនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕