ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រជាមានិតឡាវ ព្រមទាំងជាមួយរដ្ឋាភិបាលហ្វីលីពីន ស្តីពី «ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ» បានឆ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃគោលនយោបាយពន្ធដារអន្តរជាតិ និងច្បាប់ និងបទប្បញ្ញត្តិ ស្តីពី ពន្ធដាររបស់កម្ពុជា ក៏ដូចជាតាមលំនាំគំរូ អង្គការសហប្រជាជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលានេះ។
ចំពោះពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
សូមជម្រាបថា កម្ពុជា បាននិងកំពុងចរចាកិច្ចព្រមព្រៀង ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ (Double Taxation Agreement- DTA) ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន អាស៊ានបូកបី និងបណ្តាប្រទេស ឬយុត្តាធិការមួយចំនួនទៀត ដោយផ្អែកលើលក្ខណវិនិច្ឆ័យចម្បង ដូចជាកាតព្វកិច្ចអន្តរជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិប្រទេស ឬយុត្តាធិការដែលជាដៃគូវិនិយោគធំៗ និងតាមការស្នើសុំចរចារបស់បណ្តាប្រទេស ឬយុត្តាធិការទាំងនោះ។
កិច្ចព្រមព្រៀង DTA នេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលជាការប៉ះប៉ូវវិញដល់ប្រទេសជាហត្ថលេខី ដូចជា ១៖ ការទាក់ទាញនឹងជំរុញវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ។ ២៖ កំណើនមូលដ្ឋានពន្ធ។ ៣៖ រំហូរមូលធន។ ៤៖ ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេសតាមរយៈបទប្បញ្ញត្តិ ស្តីពី សួយសារ និងសេវាបច្ចេកទេស។ ៥៖ ការការពារនិវាសនជនកម្ពុជាដែលជាវិនិយោគិននៅបរទេស និង ៦៖ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេសការទប់ស្កាត់ និងការបង្ក្រាបការគេចវេះពន្ធតាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ។
កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ និងកម្ពុជា-ហ្វីលីពីន បានឆ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃគោលនយោបាយពន្ធដារអន្តរជាតិ និងច្បាប់ និងបទប្បញ្ញត្តិ ស្តីពី ពន្ធដាររបស់កម្ពុជា ក៏ដូចជាតាមលំនាំគំរូ អង្គការសហប្រជាជាតិ ដែលមានលក្ខណៈអំណោយផលដល់ប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានកិច្ចព្រមព្រៀង DTA ជាមួយប្រទេស និងយុត្តាធិការ ចំនួន ១១ រួមមាន សិង្ហបុរី ចិន ព្រុយណេ ថៃ វៀតណាម ឥណ្ឌូណេស៊ី តំបន់រដ្ឋបាល ពិសេសហុងកុង ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី៕










