
ភ្នំពេញ៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ប្រចាំភូមិភាគ ហៅកាត់ថា «ICRC» នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា៖ «កងកម្លាំងយោធាកម្ពុជា ចំនួន ១៨ រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងដោយភាគីថៃអស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់បទឈប់បាញ់ចូលជាធរមាននោះ មានសុវត្ថិភាព និងសុខភាពល្អប្រសើរទាំងអស់គ្នាគ្មានបញ្ហាអ្វីឡើយ»។
តាមក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី១៤ ខែតុលា បានឱ្យដឹងថា ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន នៃក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ដឹកនាំដោយ លោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងជំនួបនោះ លោក Jurg Montani ប្រធានគណៈប្រតិភូ ICRC ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣ នាយទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ចំពោះការចុះសួរសុខទុក្ខលើកទី៣ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះ បានបញ្ជាក់ថាទាហានយើងទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺ «មានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា»។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
សូមបញ្ជាក់ថា ក្រោយបទឈប់បាញ់បន្ទាន់ចូលជាធរមាន កាលពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ កងកម្លាំងយោធាកម្ពុជា ចំនួន ២០ រូប ត្រូវបានយោធាថៃ ប្រើល្បិចព័ន្ធចាប់ខ្លួនយកឃុំឃាំងដោយខុសច្បាប់ ក្នុងចំណោមនោះ កម្លាំងយោធា ចំនួន ០២ រូប ត្រូវបានដោះលេងមកវិញ ដោយសារពួកគេមានរងបួសធ្ងន់ គិតត្រឹមថ្ងៃទី១៤ ខែតុលា កម្លាំងយោធាកម្ពុជា ចំនួន ១៨ រូប កំពុងស្ថិតក្រោមការឃុំគ្រងដោយភាគីថៃ មានរយៈពេល៧៧ថ្ងៃហើយ៕


