2025-10-15 10:32
11

ភ្នំពេញ៖   អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.”  នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការចុះពិនិត្យឃ្លាំងស្ដុកទុក និងចែកចាយផលិតផលសាច់បង្កករបស់សហគ្រាស អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អ៊ិចផង ឯ.ក នៅខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៥ ខែតុលា កន្លងមកនេះ ជាលទ្ធផលការពុំមានរកឃើញសញ្ញាណនៃសារធាតុគីមីហាមឃាត់ «ហ្វ័រម៉ាលីន - Formalin, ប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រណាមួយលើសពីកម្រិតកំណត់ ដែលបានអនុញ្ញាត និងពុំមានវត្តមានសំណល់ថ្នាំបសុពេទ្យ» នោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋាន “ក.ប.ប.” បានអនុវត្តនីតិវិធីក្នុងនាមជា នគរបាលយុត្តិធម៌ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ រួមមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌឬស្សីកែវ បានចុះត្រួតពិនិត្យឃ្លាំងស្តុកទុក និងចែកចាយផលិតផល សាច់បង្កក របស់សហគ្រាស អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក ដែលមានអាសយដ្ឋាននៅផ្លូវលំ ភូមិ៤ សង្កាត់ច្រាំង ចំរោះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឆ្លើយតបទៅនឹងបណ្ដឹងសាធារណៈតាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥។ 

អគ្គនាយកដ្ឋាន “ក.ប.ប.” បានបញ្ជាក់ថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បាន អនុវត្តតាមគោលការណ៍វិជ្ជាជីវៈ ដោយបាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ដើម្បីធ្វើតេស្តបឋមជាក់ស្តែងនៅនឹងកន្លែង ទៅលើសំណាកគំរូដែលបាន ជ្រើសរើសដោយចៃដន្យ ចេញពីឡូតិ៍ទំនិញនីមួយៗ ដែលមានចំនួនសរុប ១៥ សំណាកគំរូ ស្វែងរកសារធាតុគីមីហាមឃាត់ (ហ្វ័រម៉ាលីន - Formalin) ដែលប្រើប្រាស់ក្នុងម្ហូបអាហារ ដើម្បីរក្សាទុកឱ្យបានយូរ។ ជាលទ្ធផល ពុំមានរកឃើញសញ្ញាណ នៃសារធាតុគីមីហាមឃាត់នេះទេ។

ជាមួយគ្នានេះដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវាយតម្លៃអនុលោមភាព មន្ត្រីជំនាញបានដកយកសំណាកគំរូចំនួន ១៥ បន្ថែមទៀត ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដា របស់អគ្គនាយកដ្ឋាន ក.ប.ប. លេខ ៦៤៣ អ.កបប ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បញ្ជូនមកមន្ទីរពិសោធន៍កណ្តាលរបស់អគ្គនាយកដ្ឋាន ដើម្បីវិភាគលើប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រ និងសំណល់ថ្នាំបសុពេទ្យ (Antibiotic Residues)។ ជាលទ្ធផល ពុំមានរកឃើញប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រណាមួយ លើសពីកម្រិតកំណត់ ដែលបានអនុញ្ញាត និងពុំមានវត្តមានសំណល់ថ្នាំបសុពេទ្យនោះទេ។

អគ្គនាយកដ្ឋាន “ក.ប.ប.” បានបញ្ជាក់ថា ការពិសោធន៍ប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រ និងការវិភាគសំណល់ថ្នាំបសុពេទ្យ ដូចបានរៀបរាប់ពីខាងលើ មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានការគាំទ្រពីមន្ទីរពិសោធន៍យោងអាស៊ាន (ASEAN Food Reference Laboratory) និងមន្ទីរពិសោធន៍ជប៉ុន ផ្នែកបច្ចេកទេស និងវិធីសាស្ត្រវិភាគ។ ដោយយោងទៅលើលទ្ធផល វិភាគពាក់ព័ន្ធនឹងសំណាកគំរូផលិតផលសាច់បង្កកខាងលើ បង្ហាញថាផលិតផលទំនិញទាំងនេះមានអនុលោមភាព ស្របតាមបទបញ្ញត្តិបច្ចេកទេស ស្តីពី អនាម័យម្ហូបអាហារសម្រាប់មនុស្ស និងស្តង់ដាកូដិច»។

ចំពោះលទ្ធផលវិភាគទាំងនេះ ត្រូវបានប្រគល់ជូនក្រុមការងារចម្រុះដែលមានសមាសភាពដូចខាងលើ ដើម្បីចាត់នីតិវិធីបន្ត។ អគ្គនាយកដ្ឋាន ក.ប.ប. ផ្អែកលើបច្ចេកទេសវិជ្ជាជីវៈ និងក្រមសីលធម៌ច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ចំពោះលទ្ធផលទទួលបានទាំងនេះ និងសូមស្វាគមន៍រាល់ការផ្ទៀងផ្ទាត់នានា ពីមន្ទីរពិសោធន៍ដែលទទួលបានការវាយតម្លៃទទួលស្គាល់ផ្លូវការ (Accredited)៕