2025-10-15 10:41
9

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា៖ «កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ត្រូវបានលើកទៅពេលក្រោយតាមការស្នើសុំរបស់ភាគីថៃ»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា ការលើកពេលកិច្ចប្រជុំ RBC នេះនឹងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ 

ពាក់ព័ន្ធជំនួបក្រុមការងារលេខាធិការដ្ឋាន RBC យោធភូមិភាគទី៤ កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕