
ភ្នំពេញ៖ ការប្រើសំឡេងរំខានដោយយោធាថៃ គឺជាការបំភិតបំភ័យផ្លូវចិត្ត និងយាយីលើជនស៊ីវិលកម្ពុជា កំពុងរស់នៅតាមព្រំដែន ដែលនេះ គឺមិនមែនជាសញ្ញាយុទ្ធសាស្ត្រយោធាប្រកបដោយភាពច្នៃប្រឌិតនោះទេ ប៉ុន្តែជាការបង្ហាញអំពីភាពក្មេងខ្ចីរបស់យោធាថៃក្នុងការគោរពច្បាប់ និងដំណើរការសន្តិភាព។ នេះគឺជាការលើឡើងរបស់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោកបានបន្ថែមថា លក្ខណៈសម្គាល់យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំ គឺការប្រកាន់ខ្ជាប់នូវវិន័យ តម្លៃជាយោធា និងការគោរពនីតិរដ្ឋ។
រចនាសម្ព័ន្ធយោធាណា ដែលយាយីលើជនស៊ីវិលស្លូតត្រង់ គឺមិនបានអនុវត្តទៅតាមស្ដង់ដាយោធាលំដាប់ពិភពលោកនោះទេ។ ពោល គឺយោធាទាំងនោះ កំពុងទទួលយកអត្តចរិត និងស្តង់ដាក្រុមមិនស្របច្បាប់ ដែលស្ថិតនៅក្រៅព្រំដែននៃស្ថាប័នវិជ្ជាជីវៈ ដូចជា អ្នកលេង ជនពាល ចោរប្លន់ ឬជនល្មើសច្បាប់ ជាដើម។
យើងគួរតែថ្កោលទោសចំពោះអត្តចរិតក្មេងខ្ចីមិនសមរម្យរបស់អ្នកជិតខាងយើងហើយយើងគួរតែឆ្លើយតបដោយការតាំងចិត្តដ៏ឱឡារិក និងសេចក្តីថ្លៃថ្នូរថា ប្រជាជាតិកម្ពុជា មិនប្រព្រឹត្តទង្វើដោយគ្មានការទទួលខុសត្រូវបែបនេះទេ ហើយយើងក៏មិនរាថយដោយសារទង្វើក្មេងខ្ចីរបស់យោធាថៃបែបនេះដែរ។
ឯកសារយោង៖ យោធាថៃ បន្តយុទ្ធនាការ «បំភិតបំភ័យផ្លូវចិត្ត» របស់ខ្លួននៅយប់ទី២ ដោយ បានបន្លឺសំឡេងរំខានតាមព្រំដែន នៅចំណុចភូមិសាស្ត្រ ប្រទេសកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក ឆាំង យុ ក៏បានបង្ហាញនូវរូបភាពនៅបណ្ណាល័យរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ និងរូបទីពីរ គឺជារូបភាពរថយន្តថៃ (ឬរថយន្តដឹកទំនិញថៃ) ដែលមានលក្ខណៈ ពិសេសបង្ហាញអំពីវប្បធម៌របស់រថយន្តដឹកទំនិញ នៅក្នុងប្រទេសថៃ ដោយមានបំពាក់ឧបករណ៍បំពងសំឡេង ដែលត្រូវបានប្រើប្រាស់ ដើម្បីបង្កការរំខានដល់អ្នកភូមិព្រៃចាន់ និងអ្នកភូមិជោគជ័យ ក្នុងទម្រង់ជាសង្គ្រាមចិត្តសាស្ត្រផងដែរ៕
