2025-10-13 11:56
8

ថៃ៖ កងកម្លាំងថៃ នៅតែបន្តប្រើគ្រឿងចក្រ ហ៊ុំព័ទ្ធ និងឈូសឆាយលើដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី១៣ តុលា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១០៖៥២ នាទីព្រឹក ទាហានថៃ បានបន្តរំលោភបំពាន និងបានឈ្លានពាន ខុសច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិ ដោយបានប្រើគ្រឿងចក្រឈូសឆាយលើដែនអធិបតេយ្យភាពកម្ពុជាឥតឈប់ឈរ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

ក្នុងការសម្ញែញគ្រឿងចក្រផ្សេងៗលើដែនអធិបតេយ្យកម្ពុជារបស់យោធាថៃ បើទោះបីជាកងកម្លាំងកម្ពុជាទៅសម្របសម្រួល ឬនិយាយចរចាយ៉ាងណាក្ដី ក៏ទង្វើគ្មានសុជីវធម៌របស់យោធាថៃខាងលើនៅតែមិនព្រម និងបានបន្តហ៊ុំព័ទ្ធគ្រឿងចក្រលើដែនអធិបតេយ្យកម្ពុជា និងបន្តអះអាងទាំងងងើលថា ពួកគេនៅតែប្រើផែនទីជាឯកតោភាគីដែលគូរដោយខ្លួនឯងដដែល។

គួរបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះ យោធាថៃ នៅតែបន្តប្រើគ្រឿងចក្រឈូសឆាយលើដែនអធិបតេយ្យកម្ពុជា ដោយបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយខ្នង។

កម្ពុជានៅតែបន្តអំពាវនាវឲ្យភាគីថៃ គោរពបទឈប់បាញ់ដែលចូលជាធរមាន និងគ្មានលក្ខខណ្ឌឲ្យបានពេញលេញ និងបញ្ឈប់រាល់ទង្វើឈ្លានពាននានាមកលើដែនអធិបតេយ្យកម្ពុជាតទៅទៀត៕