2025-10-12 18:58
16

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាប្រទេសថៃ លោកស្រី Angkhana Neelapaijit បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញបានប្រើប្រាស់សំឡេងខ្មោច ឆ្កែលូ ឆ្កែព្រូស នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា។

 

លោកស្រីបានលើកឡើថដា ចំពោះសកម្មភាពទាំងនេះ គឺជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។

 

នៅថ្ងៃអាទិត្យ ទី១២ ខែតុលានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឲ្យដឹងថា យោងតាមកាសែត Khaosod English ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អំពីការលើកឡើងរបស់ លោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ ចំពោះញត្តិបន្ទាន់របស់ គ.ស.ម.ក. ប្តឹងទៅឧត្តមស្នងការអង្គការសប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់ សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

 

គ.ស.ម.ក. បានដកស្រង់ខ្លឹមសារ ថា “រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថា រាល់សកម្មភាពទាំងឡាយណា បង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬ ប៉ះពាល់ដល់ផ្លូវចិត្ត របស់ប្រជាជន ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។ លោក Angkhana Neelapaijit បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញបានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា៕”