2025-10-11 12:40
14

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ ថៃបានសម្តែងល្ខោនថ្ពិនភ្នែកមួយឈុតទៀត តាមរយៈការបង្កើតព្រឹត្តិការណ៏បំភាន់អន្តរជាតិ ដោយធ្វើជាសកម្មភាពចូលរាវមីន នៅក្នុងលំនៅឋាន និងភូមិកររបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលពួកគេបានព័ទ្ធរបងលួសកាលពីថ្ងៃមុន ក្នុងគោលដៅចង់បង្ហាញប្រាប់ពិភពលោកថា ក្នុងផ្ទះ និងភូមិឋានដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងរស់នៅសុទ្ធតែមានគ្រាប់មីន។ 

ធាតុពិត ទង្វើនេះ គឺជាការបោកបញ្ឆោត ដើម្បីលាក់បាំងគោលបំណងពិតនៃការរំលោភទឹកដីកម្ពុជាតែប៉ុណ្ណោះ។

ការចាប់ផ្តើមរាវមីន នៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជារស់នៅ គឺជាការបំពានដ៏ធ្ងន់ធ្ងរលើកិច្ចព្រមព្រៀង GBC (General Border Committee) និងជាការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។

អ្នកវិភាគបានលើកឡើងថា ឈុតឆាកសម្តែងល្ខោនរាវមីនរបស់ថៃ ជាអំពើរំលោភបំពានមួយដែលមិនអាចទទួលយកបាន ដែលសកម្មភាពរបៀបនេះ មិនមានជាតិសាសន៏ណាមួយអាចធ្វើបានក្រៅអំពី «ជាតិសាសន៏ថៃ» នោះទេ ពីព្រោះតាមធម្មតាតំបន់ផ្ទះសម្បែងដែលពលរដ្ឋកំពុងស្នាក់នៅប្រាដកណាស់មិនមានគ្រាប់មីន កាកសំណល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលត្រូវធ្វើការដោះមីននោះឡើយ គឺមានតែនៅក្នុងតំបន់ដែលជាអតីតសមរភូមិដែលធ្លាប់ជាកន្លែងវាយប្រយុទ្ធគ្នាតែប៉ុណ្ណោះដែលមានគ្រាប់មីន ជាពិសេស គឺនៅតំបន់ខ្សែព្រំដែនព្រំដែនកម្ពុជា-ថៃ ដែលគ្រាប់មីនសល់ពីសម័យសង្គ្រាម។ 

ទោះយ៉ាងណា ការធ្វើប្រត្តិបត្តិការរាវមីន នៅព្រំដែននៃប្រទេសទាំងពីរនេះ ក៏ត្រូវតែធ្វើឡើងក្រោមកិច្ចសហការ និងឯកភាពគ្នាជាមុន ពោលគឺត្រូវធ្វើការរួមគ្នាឲ្យស្របទៅតាមច្បាប់អន្តរជាតិមិនមែនជាការធ្វើដោយឯកតោភាគីនោះទេ។ 

ប៉ុន្តែ ថៃវិញ បាននិងកំពុងបង្កើតសកម្មភាពយោធាឈ្លានពាន ដោយប្រើល្បិចបញ្ជូនយោធារាប់រយនាក់ប្រដាប់ដោយអាវុធទំនើបៗគ្រប់ដៃ និងគ្រឿងចក្រចូលឈូសឆាយនៅលើដីដែលពួកគេធ្លាប់ចូលមករាយបន្លាលួសក្នុងពេលកន្លងមក ដោយជ្រកក្រោមស្លាក «រាវមីនមនុស្សធ៌ម» ដើម្បីបំភាន់ភ្នែកអន្តរជាតិ ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។

តាមពិតការចូលរាវមីន និងឈូសឆាយផ្លូវក្នុងទឹកដីកម្ពុជានេះ គឺមិនមែនជាការដោះមីនពិតប្រាកដនោះទេ គឺគ្រាន់តែជាការសម្ដែងល្ខោនបែបឡប់ឡែ ដើម្បីបញ្ចូនកងកម្លាំងយោធារបស់ខ្លួនចូលមកទន្ទ្រានកាន់កាប់ និងបន្តរំលោភលើទឹកដីកម្ពុជា តែប៉ុណ្ណោះ។ 

យ៉ាងណាមិញកម្ពុជាមិនអាចអនុញ្ញាតឲ្យ “ទង្វើមនុស្សធម៌ក្លែងក្លាយ” នេះ ក្លាយជាអាវុធបោកបញ្ឆោតអន្តរជាតិបានឡើយ ពោលគឺកម្ពុជានឹងចងក្រងឯកសារផ្លូវច្បាប់ដោយចាត់វិធានការទាំងយន្តការការទូត និងយន្តការច្បាប់អន្តរជាតិ។

ទង្វើដ៏គឃ្លើនេះ ជាការបំពានដល់កិច្ចព្រមព្រៀង GBC ដែលជាការយល់ព្រមជាផ្លូវការរវាង កម្ពុជា–ថៃ កំណត់យ៉ាងច្បាស់ថា សកម្មភាពណាមួយតាមបណ្តោយព្រំដែនត្រូវធ្វើតាមការសម្របសម្រួលរួមគ្នា។ 

ការដោះមីនដោយឯកតោភាគីរបស់ថៃគឺជាការចូលបំពាន និងលុកលុយរំលោភចូលជ្រៅក្នុងដែនអធិបតយ្យភាពកម្ពុជាយ៉ាងពិតប្រាកដដែលត្រូវថ្កោលទោសពីអន្តរជាតិ។ 

បើទោះបីជាកងទ័ពកម្ពុជាបានជូនដំណឹងជាច្រើនលើកច្រើនសារទៅក្រុមយោធាថៃថា ការដោះមីននៅតំបន់នេះជាការបំពានច្បាប់ និងមិនអាចទទួលយកបានក៏ដោយ ប៉ុន្តែថៃនៅតែគឃ្លើនបន្តរំលោភនិងមិនគោរពតាមការព្រមព្រៀងអន្តរជាតិដែលខ្លួនបានចុះហត្ថលេខានោះឡើយ ។ 

សកម្មភាពនេះបានបង្ហាញថា ថៃមិនមែនជាប្រទេសដែលពិភពលោកគួរទុកចិត្តបាន និងមានភាពស្មោះត្រង់នោះឡើយ។ 

នេះគឺខុសពីគោលជំហររបស់កម្ពុជា ដែលបានប្រកាន់យ៉ាងតឹងរឹងថា ការដោះមីនអាចធ្វើបាន ល្គឹកណាតែកន្លែងដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ និង ជាតំបន់ដែលគ្មានទំនាស់តែប៉ុណ្ណោះ។ 

គួររំលឹកផងដែរថា តំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ គឺជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដែលបានរស់នៅយ៉ាងសុខសាន្តអស់ជាច្រើនទសវត្សកន្លងមកហើយ។ ការដែលថៃចូលមករាវមីនដោយមិនមានការអនុញ្ញាត គឺជាការរំលោភសិទ្ធិរស់នៅ និងសន្តិសុខស៊ីវិល។ 

ប្រជាពលរដ្ឋកម្ពុជា និងកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធកំពុងតាមឃ្លាំមើល និងរង់ចាំការពារទឹកដីដោយការអត់ធ្មត់ និងដោយសន្តិវិធីដោយមិនមានការតបតអ្វីឡើយ។ ត្រង់នេះ ជាការបញ្ជាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់។ 

ថៃមិនអាចប្រើច្បាប់ថៃលើទឹកដីកម្ពុជាបានឡើយ។ ទឹកដីកម្ពុជា គឺជាដែនអធិបតេយ្យភាពជាតិ ដែលមិនអាចឲ្យប្រទេសណាមួយយកច្បាប់របស់ខ្លួនមកអនុវត្តបាននោះទេ។ ការបង្ហាញថាថៃចង់ដោះមីន ដោយយោងតាមច្បាប់ថៃ គឺជាការប៉ុនប៉ងរំលោភច្បាប់អន្តរជាតិ និងចង់បង្ហាញថាទឹកដីកម្ពុជា គឺជាផ្នែកមួយរបស់ប្រទេសថៃ ដែលនេះជាអ្វីដែលកម្ពុជាមិនអាចទទួលយកបានឡើយ។ 

ការបន្តបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជា នឹងត្រូវបានថ្កោលទោសយ៉ាងដាច់អហង្ការពីសំណាក់ប្រជាជនកម្ពុជាចំពោះអំពើរំលោភបំពាននេះ។ 

សង្ឃឹមថា ទង្វើរបស់ថៃ នឹងមិនអាចលាក់បាំងបានឡើយ ដោយសារនៅថ្ងៃនេះ អ្នកសង្កេតការណ៍អន្តរកាល IOT ក៏បានទៅធ្វើជាសាក្សីដល់ទីកន្លែង នឹងបានឃើញច្បាស់នឹងភ្នែក ហើយពួកគេក៏ជាតួអង្គដ៏សំខាន់ ក្នុងការលាតត្រដាងការពិតប្រាប់ដល់ពិភពលោកផងដែរ។

សកម្មភាព “ដោះមីនមនុស្សធម៌ក្លែងក្លាយ” ដែលរៀបចំឆាកល្ខោនដោយថៃដើម្បីបោកបញ្ឆោតអន្តរជាតិ ក្នុងគោលដៅបិទបាំងនូវអំពើរំលោភដែនអធិបតេយ្យភាពនិងទឹកដីកម្ពុជា ត្រូវតែមានវិធានការរារាំងដើម្បីបញ្ឈប់ការឈ្លានពាននេះជាបន្ទាន់ ទើបធានាបាននូវដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងបញ្ចៀសបាននូវការផ្ទុះអាវុធជាថ្មីកើតមានឡើង។ 

មកដល់ពេលនេះ សហគមន៍អន្តរជាតិ បានដឹងកាន់តែច្បាស់នូវការបំពានបទឈប់បាញ់ បង្កឡើងដោយភាគីថៃ យ៉ាងច្បាស់ក្រឡែត ហើយដែលថៃល្មមដល់ពេលឈប់បោកប្រាស់គេទៀតទៅ៕ ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)