2025-10-09 17:40
14

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា លោក Wang Wenbin បានប្រកាសថា «ប្រទេសចិនគាំទ្រប្រទេសកម្ពុជាយ៉ាងម៉ឹងម៉ាត់ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ដូចជាការការពារជាតិពីហានិភ័យផ្សេងៗ និងការការពារផលប្រយោជន៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ លើសពីនេះ ចិននឹងនៅជាដៃគូដែលអាចទុកចិត្តបានជានិច្ច ដើម្បីគាំទ្រ និងចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងវិស័យផ្សេងៗទាំងស្រុក និងអន្តរជាតិ»។

ក្រោយការបង្ហោះសារ របស់លោក Wang Wenbin ក្នុងការប្តេជ្ញាការពារអធិបតេយ្យភាពរបស់កម្ពុជា ដោយឥតងាករេ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានប្រតិកម្មដោយចូលខមមិនរិះគន់ចំពោះសេចក្តីថ្លែងការណ៍ខាងលើនេះ។ នេះតាមការចុះផ្សាយរបស់កាសែតថៃ នៅថ្ងៃទី០៩ ខែតុលានេះ។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន ធ្វើឱ្យអ្នកលេងបណ្តាញអ៊ីនធឺណិតជនជាតិថៃ នាំគ្នាភ្ញាក់ផ្អើលបានចូលទៅខមមិនលើទំព័ររបស់លោក ដោយចោទសួរពីជំហររបស់ប្រទេសចិនដែលប្រកាសគាំទ្រកម្ពុជា ចំពេលមានភាពតានតឹងជាបន្តបន្ទាប់អំពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។

ដោយឡែក កាលថ្ងៃទី០៨ ខែតុលានេះ ស្ថានទូតចិន ប្រចាំទីក្រុងបាងកក បានបង្ហោះសារថា លោក Zhang Jianwei ឯកអគ្គរដ្ឋទូតចិន ប្រចាំក្រុងបាងកក បានជួបពិភាក្សា ជាមួយ លោក សីហស័ក្តិ ភួងកេតុកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ។ ក្នុងជំនួបនោះ Zhang Jianwei បានបញ្ជាក់ជាថ្មីអំពីជំហអព្យាក្រឹតរបស់ចិន ចំពោះជម្លោះកម្ពុជា-ថៃ ហើយចិនបានបញ្ជាក់ថា «ចិនមិនបានផ្តល់អាវុធឲ្យកម្ពុជាសម្រាប់ជម្លោះជាមួយថៃនោះទេ»៕