2025-09-11 11:10
23

ភ្នំពេញ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ បានរៀបចំកម្មវិធីពិព័រណ៍ «EducationUSA Fair» ឆ្នាំ២០២៥ ជាផ្លូវការ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រោមអធិបតីភាព លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Benjamin Chiang ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត សោម រតនា បានសម្ដែងក្ដីសេចក្តីសោមន្សរីករាយ ព្រមទាំងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងតំណាងសាកលវិទ្យាល័យមកពីសហរដ្ឋអាមេរិកទាំងអស់ ដែលបានបន្តបើកឱកាសឱ្យសិស្សានុសិស្សកម្ពុជា ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ស្របតាមចក្ខុវិស័យរបស់កម្ពុជាក្នុងការលើកកម្ពស់ និងចាត់ទុកការអប់រំជាកត្តាអាទិភាព។ លោកបណ្ឌិតបានលើកឡើងថា «កម្មវិធីនេះជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សកម្ពុជា ដែលមានបំណងចង់ទៅសិក្សានៅសហរដ្ឋអាមេរិក អាចមកជួប និងសួរសំណួរនានាដោយផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យមកពីសហរដ្ឋអាមេរិក»។

លោកបានគូសបញ្ជាក់បន្ថែមថា មិនថាប្រទេសជាតិស្ថិតក្នុងដំណាក់កាលសន្តិភាព ឬសង្រ្គាមនោះទេ រឿងដែលសំខាន់ គឺការអភិវឌ្ឍធនធានមនុស្សនៅតែជាកត្តាចាំបាច់ ដូចអ្វីដែលលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងថា «ការស្នេហាជាតិ គឺចាប់ផ្តើមពីការពង្រឹងខ្លួនឯង» ។ 

លោកអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យអាណាព្យាបាល សិស្សានុសិស្សកម្ពុជា និងអ្នកចូលរួមទាំងអស់ ឱ្យចាប់យកឱកាសដ៏មានតម្លៃទាំងនេះដើម្បីសិក្សាស្វែងយល់ពីមុខជំនាញ ឱកាសអាហារូបករណ៍ និងបរិបទនៃការសិក្សាក្រៅប្រទេស ដើម្បីឈានឆ្ពោះទៅការផ្លាស់ប្តូរបទពីសោធន៍ថ្មីក្នុងការបន្តការសិក្សា។

គួរបញ្ជាក់ផងដែរថា EducationUSA ជាបណ្តាញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលមានមជ្ឈមណ្ឌលប្រឹក្សា ជាង ៤៣០ នៅទូទាំងពិភពលោក ក្នុងនោះនៅកម្ពុជាមានមជ្ឈមណ្ឌលប្រឹក្សា ចំនួន ០២ គឺនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ។ ដោយឡែកពិព័រណ៍ EducationUSA ប្រចាំឆ្នាំ ដែលរៀបចំឡើងជាមួយស្ថានទូតសហរដ្ឋអាមេរិកនាពេលនេះ បានប្រមូលផ្តុំសាកលវិទ្យាល័យច្រើន ជាង ១០ របស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានលម្អិតអំពីកម្មវិធីសញ្ញាបត្រ ការចូលរៀន និងឱកាសអាហារូបករណ៍នានាផងដែរ ខណៈដែលបច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាប្រហែល ១០០០ នាក់ ដែលកំពុងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិក៕