2025-09-11 16:39
14

ភ្នំពេញ៖ កាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Oliver RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅទីស្តីការក្រសួង ភាគីទាំងពីរ បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសម្រេចបានក្នុងការរៀបចំផែនទីបង្ហាញផ្លូវដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ និងបានឯកភាពរៀបចំសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង នាចុងឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Oliver RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះមិត្តភាពយូរអង្វែងរវាងកម្ពុជា និងបារាំង ដែលភាពជាដៃគូរនេះឈរលើមូលដ្ឋានប្រវត្តិសាស្ត្ររួម និងការជឿជាក់គ្នាទៅវិញទៅមក។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អះអាង នូវការប្តេជ្ញាចិត្តមុតមាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ដើម្បីបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីបន្តសមិទ្ធិផល របស់លោកឯកអគ្គរដ្ឋទូតចប់អាណត្តិមុនៗ។

ក្នុងឱកាសជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរ បានលើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃកិច្ចសន្ទនាកម្រិតខ្ពស់ ជាពិសេសជំនួបពិភាក្សាប្រកបដោយផ្លែផ្ការវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសសន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្តីពី មហាសមុទ្រ នៅទីក្រុងនីស កាលពីខែមិថុនា កន្លងមក។ ជំនួបផ្លាស់ប្តូរយោបល់នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចុះហត្ថលេខា និងការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង ស្តីពី ការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្ថាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ (BBNJ) និងការគាំទ្រសន្ធិសញ្ញា «Nice Wake-Up Call for an Ambitious Plastics Treaty»។ 

ភាគីទាំងពីរ ក៏បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសម្រេចបានក្នុងការរៀបចំផែនទីបង្ហាញផ្លូវដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ និងបានឯកភាពរៀបចំសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង ចុងឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ចំពោះសហប្រតិបត្តិការសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់បារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់គណៈប្រតិភូធុរជនបារាំង MEDEF International និងបានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់ MEDEF ក្នុងការចូលរួមជាមួយសហគ្រាសបារាំងនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមនៅវិស័យអាទិភាពដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសេដ្ឋកិច្ចឌីជីថល ជាដើម៕

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរួមមាន វប្បធម៌ និងបេតិកភណ្ឌ សុខាភិបាល ការពារជាតិ និងសហប្រតិបត្តិការបរិស្ថាន និងអាកាសធាតុ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត នូវវឌ្ឍនភាពទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។