2025-09-11 16:27
12

ភ្នំពេញ៖ បន្ទាប់មានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយប្រទេសកម្ពុជា និងថៃ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក គីតាមឹរ៉ា តូស៊ីហ៊ីរូ បានបញ្ជាក់ថា៖ «រដ្ឋាភិបាលជប៉ុនចូលរួមសាទរដែលប្រទេសកម្ពុជា និងថៃ បានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)  នៅថ្ងៃទី១០ ខែកញ្ញា ជាមួយនឹងវឌ្ឍនភាពនៃកិច្ចពិភាក្សាទាក់ទង និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដោះមីន និងការបើកឡើងវិញនូវដឹកជញ្ជូនតាមច្រកព្រំដែន ដែលនេះបង្ហាញពីលទ្ធផលដ៏សំខាន់ ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ»។

លោក គីតាមឹរ៉ា តូស៊ីហ៊ីរូ បានបន្ថែមទៀតថា៖ «រដ្ឋាភិបាលជប៉ុន ក៏សូមសម្តែងការវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងនាមជាប្រធានអាស៊ាន»។

ក្នុងនោះរដ្ឋាភិបាលជប៉ុនសង្ឈឹមថា «ប្រទេសកម្ពុជា និងថៃ នឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា ដោយជប៉ុនបានចាត់ទុកថាកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ»៕