
ព្រះសីហនុ៖ នៅថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹងប្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាប់របងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យប្រញាប់ប្រញាល់មកដាក់ពាក្យទទួលយកទីតាំងដីឡូត៍ថ្មី ដែលគណៈកម្មការអន្តរក្រសួង និងអាជ្ញាធរបានរៀបចំបម្រុងទុក ដើម្បីដោះស្រាយផលប៉ះពាល់ ដោយទុករយៈពេល ១៥ ថ្ងៃជាកំហិត ចាប់ពីពេលជូនដំណឹងនេះតទៅ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយអនុលោមតាមលិខិតលេខ ៦៥៥ សជណ.ដប ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានសម្រេចយល់ព្រមជាគោលការណ៍ ជូនក្រសួងបរិស្ថាន សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំដីបម្រុងទុកសម្រាប់ដោះស្រាយផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមុខ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ចំពោះកិច្ចការនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការ អន្តរក្រសួង បានធ្វើការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងជាប់របងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងបានត្រៀមរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ផ្សេងៗ រួមមាន៖ ផ្លូវ ទឹកស្អាត និងបណ្តាញអគ្គិសនី ចូលទៅកាន់ទីតាំងដីបម្រុងទុក ដែលគណៈកម្មការអន្តរក្រសួងបានរៀបចំសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ។
កន្លងមក ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការអន្តរក្រសួង បានខិតខំជួបប្រជុំសម្របសម្រួលជាមួយបងប្អូនជាច្រើនលើកច្រើនសារ ដែលមកទល់ពេលនេះមានគ្រួសារប្រជាពលរដ្ឋមួយចំនួនបានឯកភាពទទួលយកទីតាំងដីឡូត៍ថ្មីរួចរាល់ហើយ ប៉ុន្តែនៅមានគ្រួសារប្រជាពលរដ្ឋមួយចំនួនទៀត នៅតែទាមទារលក្ខខណ្ឌផ្សេងៗ ដែលធ្វើឱ្យមានការរាំងស្ទះដល់គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ថ្នាក់ 4E ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាពរបស់ខេត្តព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងស្របតាមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ មកដាក់ពាក្យទទួលយកទីតាំងដីឡូត៍ថ្មី ជាមួយក្រុមការងារដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្ត ដោយទុករយៈពេលចំនួន ១៥ ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ផុតរយៈពេលកំណត់ខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ពុំលើកយកករណីនេះ មកពិនិត្យសម្របសម្រួលដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទៀតឡើយ ហើយរដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការរដ្ឋបាលចុះរុះរើសំណង់ដែលសង់លើដីសាធារណៈរបស់រដ្ឋ ស្របតាមច្បាប់ដែលមានចែងជាធរមាន៕

