2025-09-01 19:34
12

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ កុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋានទើបជាការប្រសើរ។ 

លោក ស៊ុន មេសា បានថ្លែងថា បងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ តាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋាន ព្រោះការងារក្នុងស្រុកសំបូរបែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ 

អ្នកនាំពាក្យរូបនេះ បានបន្ថែមលើនេះ បម្រើការងារក្នុងស្រុក ក៏អាចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អាចរស់នៅជួបជុំក្រុមគ្រួសារ គ្មានការវាយធ្វើបាប ឬអំពើហិង្សា និងមិនចំណាយច្រើនលើការរស់នៅប្រចាំថ្ងៃបន្ថែមទៀតដែរ

ដើម្បីទទួលបានឱកាសការងារក្នុងស្រុក លោក ស៊ុន មេសា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាក់ទងទៅកាន់លេខ ១២៩៧ ឬក៏អាចទាក់ទងអាជ្ញាធរមូលដ្ឋាន ដែលកំពុងរង់ចាំសម្របសម្រួល និងស្វែងរកការងារជូន ខណៈដែលឱកាសការងារ កំពុងមានតម្រូវការជាច្រើនម៉ឺនកន្លែង ទាំងវិស័យក្នុងប្រព័ន្ធ និងវិស័យក្រៅប្រព័ន្ធ។ 

បើតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៥នេះ នៅទូទាំងប្រទេសកម្ពុជា មានឱកាសការងារ សរុបជាង ៩ ម៉ឺននាក់។ 

ជាមួយគ្នានេះ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយគិតត្រឹមខែកក្កដា ឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជានៅមានឱកាសការងារប្រមាណជាង ៣០ម៉ឺនកន្លែងបន្ថែមទៀត តាមរយៈគម្រោងវិនិយោគជាង ៤០០ ដែលមាននៅកម្ពុជា។ 

លោក ស៊ុន មេសា បានបន្ថែមថា ចំណុចសំខាន់បំផុត បងប្អូនគួរតែស្វែងរកការងារក្នុងស្រុកវិញ តាមរយៈលេខ ១២៩៧ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានប្រាក់ខែសមរម្យ, អត្ថប្រយោជន៍នានាដែលច្រើនជាងនៅក្រៅប្រទេស ខណៈដែលការធ្វើចំណាកស្រុកដោយគ្មានឯកសារ នឹងជួបប្រទះការចំណាយលុយលើមេខ្យល់ បញ្ហាសុវត្ថិភាពដោយសារមានការរើសអើង ការកេងប្រវ័ញ្ច និងអាចប្រឈមនឹងជាប់ពន្ធនាគារ ជាដើម៕