2025-08-24 16:07
10

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិបានឱ្យដឹងថា កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយវិជ្ជមាន ខណៈកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តនៅថ្ងៃស្អែក ទី២៥ ខែសីហា។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ ដែលដឹកនាំដោយ      ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ។

កិច្ចប្រជុំ RBC បានចាប់ផ្តើមនៅវេលាម៉ោង ០៩និង២៥នាទីព្រឹក នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ហើយបានបញ្ចប់នៅវេលាម៉ោង ០២និង០០នាទីរសៀសថ្ងៃដដែល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តប៉ៃលិន ស្របតាមកម្មវិធីដែលភាគីទាំងពីរបានឯកភាពគ្នា។ 

ក្រោយបើកកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើចំណុចលម្អិតលើកំណត់ហេតុព្រមព្រៀង។ ជាលទ្ធផលបន្ទាប់ពីកិច្ចពិភាក្សាគ្នារួចមក កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ នៅថ្ងៃស្អែកទី២៥ ខែសីហា ឆ្នាំ២០២៥៕