
កណ្តាល៖ យោងតាមរបាយកាណ៍របស់អាជ្ញាធរឃុំជើងកើប បានឲ្យដឹងថារដ្ឋបាលឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដឹកនាំដោយ លោក ឌិន ឌីម មេឃុំជើងកើប កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំលោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជើងកើប លោកមេភូមិប្រជុំអង្គ និងប្រជាការពារភូមិ បានចុះទៅពិនិត្យមើលការលួចសាងសង់សំណង់មួយកន្លែង នៅលើដីចំណីស្ទឹងតាហោ ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកើប បន្ទាប់មកទើបដឹងថាម្ចាស់សំណង់ខាងលើនេះមានឈ្មោះនួន រដ្ឋា គឺជាមន្ត្រីយោធា នៃសាកលវិទ្យាល័យការពារជាតិ និងជាក្រុមការងារចុះមូលដ្ឋានឃុំព្រះពុទ្ធដែលបើករថយន្ត ម៉ាក លុចស៊ីស RX 400ពាក់ផ្លាកលេខ ខេមរភូមិន្ទ០២ ២-២៦២៨ ។
យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះបន្ទាប់ពីក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែងឃើញថា បានជួបក្រុមជាងចំនួន០៣នាក់និងបានជួបម្ចាស់សំណង់ឈ្មោះ នួន រដ្ឋា រួមនិងបក្សពួកចំនួន៣នាក់ ដែលជាអ្នកឲ្យគេសាងសង់ដោយគ្មានការអនុញ្ញាត និងគ្មានរបៀបរៀបរយលើដីចំណីស្ទឹងតាហោដែលអាជ្ញាធរឃុំ-ស្រុកហាមឃាត់មិនឲ្យមានការសាងសង់ផងដែរ ។
យ៉ាងណាក៏ដោយជាជាលទ្ធផលឃើញថា ក្រុមការងារបានណែនាំដល់ម្ចាស់ទាំង៣នាក់ខាងលើនេះឲ្យបញ្ឈប់រាល់សកម្មភាពសាងសង់ជាបន្តទៀតផងដែរ។
បន្ទាប់មកនៅចំពោះមុខអាជ្ញាធរបុគ្គលឈ្មោះ នួន រដ្ឋា ក៏បានសន្យាថានិងធ្វើការរុះរើចេញវិញក្នុងរយៈពេល៣ថ្ងៃ ដោយអះអាងថាបើខ្លួនមិនធ្វើតាមការសន្យាទេសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមនីតិវិធី។
គួររំលឹកថា កន្លងមកអាជ្ញាធរឃុំជើងកើបក៏បានចេញនូវសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យដឹងដែរថាដីនៅតាមទំនប់ស្ទឹងតាហោ ចំណុចភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹងជាដីសាធារណៈរបស់រដ្ឋ ខណៈកន្លងទៅមានប្រជាពលរដ្ឋមួយចំនួនមកចាប់ធ្វើការសាងសង់ទាំងសងខាងទំនប់ មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំដែលប្រជាពលរដ្ឋ មួយចំនួនមកពីឃុំជើងកើប ឃុំកណ្តោក និងមកពីខាងក្រៅមូលដ្ឋាន ស្រុកកោះធំ ក្រុងតាខ្មៅ ខេត្តតាកែវ ខេត្តកំពង់ចាម សង្កាត់ព្រែកកំពិស រាជធានីភ្នំពេញបានមកបោះបង្គោលចាប់យកដីសាងសង់ផ្ទះ និងមានការលក់ទិញពីម្នាក់ទៅម្នាក់ទៀតយ៉ាងអាណាធិបតេយ្យ ដោយគ្មានការដឹងលឺពីអាជ្ញាធរឡើយ។
ដើម្បីរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ល្អជៀសវាងភាពអាណាធិបតេយ្យ រដ្ឋបាលឃុំជើងកើប សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាំងទីលំនៅតាមសណ្តស្ទឹងតាហោជួយសហការរុះរើសំណង់មិនមានរបៀបរៀបរយ និងដាំបង្គោលចំណាំដីនៅសំណុចទំនប់ស្ទឹងតាហោ ស្ថិតក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលចេញពីដីសាធារណៈរបស់រដ្ឋឲ្យអស់ ។
ប៉ុន្តែយ៉ាងនេះក្តីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះបុគ្គលឈ្មោះ នួន រដ្ឋា ដែលខ្លួនជាមន្ត្រីយោធានៃសាកលវិទ្យាល័យការពារជាតិ និងជាក្រុមការងារចុះមូលដ្ឋានឃុំព្រះពុទ្ធ មិនដឹងថាអាងអំណាចឬយ៉ាងណា បានជាថ្លើមធំហ៊ានសាងសង់សំណង់ទាំងបំពានច្បាប់បែបនេះទៅវិញ ទន្ទឹមនិងនោះប្រជាពលរដ្ឋក៏បានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់អាជ្ញាធរឃុំជើងកើប ដែលមានវិធានការជាបន្តបន្ទាប់ ចំពោះអ្នកដែលបានលួចសាងសង់សំណង់ខុសច្បាប់នៅតាមសណ្តស្ទឹងតាហោផងដែរ៕
