2025-08-24 14:41
12

ភ្នំពេញ៖ បទអន្តរាគមន៍របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានកក់សម្គាល់ចំណុចសំខាន់ៗមួយចំនួន ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីថ្នាក់ដឹកនាំកំពូលកម្ពុជា ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនរវាង ប្រទេសទាំងពីរកម្ពុជា-ថៃ។

ក្នុងនាមអអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា កត់សម្គាល់ចំណុចមួយចំនួន រួមមាន ទី១៖ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីថ្នាក់ដឹកនាំកំពូលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរការអនុវត្តបទឈប់បាញ់កំពុងតែប្រព្រឹត្តទៅដោយសម្រេចបានលទ្ធផលជាវិជ្ជមាននិងជាបន្តបន្ទាប់តាមរយៈកិច្ចប្រជុំ GBC និង RBC ដែលបាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។ កម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពី រ(កម្ពុជាថៃ) ដោយសន្តិវិធី និងរក្សាបានសុខសន្តិភាពសម្រាប់ប្រទេសជាតិ និងប្រជាជនទាំងសងខាង។ 

លោក ប៉ែន បូណា បានគូសបញ្ជាក់ថា ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះ ប្រព្រឹត្តទៅក្រោមក្រសែភ្នែកអន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។ ដូចបានឃើញទាំងអស់គ្នា បណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការចុះទៅសង្កេតការណ៍តាមព្រំដែនជាបន្តបន្ទាប់។

លោក ប៉ែន បូណា បានកក់សម្គាល់ទៀតថា កម្លាំងមហាសាមគ្គជាតិខ្មែរដ៏រឹងមាំនៅតែរក្សាបានដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តជ្រោងទង់ជាតិខ្មែរ និងបន្តបញ្ចេញសំឡេងកងរំពង ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ជាមួយនឹងការកោតសរសើរយ៉ាងក្រៃលែងចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលឈរយ៉ាងរឹងមាំការពារបូរណភាពទឹកដីកម្ពុជា។ មហាសាមគ្គីភាពឯកភាពជាតិរឹងមាំដែលកើតចេញពីស្មារតីស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានាដែលមានគោលដៅបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ គ្មានឥទ្ធិពល និងសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។ 

លោក ប៉ែន បូណា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែជាអ្នកធានាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដ៏គួរឱ្យទុកចិត្ត និងកក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងគ្រប់កាលៈទេសៈទាំងអស់»