
បាត់ដំបង៖ ឃាតករដៃដល់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួនពាក់ព័ន្ធករណី «ឃាតកម្ម» វាយសម្លាប់នារីរងគ្រោះម្នាក់យកសពបោះចូលក្នុងប្រឡាយទឹកគោកខ្ពស់ ស្រុកថ្មគោល ដោយផ្តើមឡើងរឿងគំនុំ ជនរងគ្រោះគំរាមប្តឹង ទើបរៀបចំគម្រោងសម្លាប់នាងចោលតែម្តង។
អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ នៅចំណុច ប្រឡាយគោកខ្ពស់ ក្រុមទី០៥ ភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល មានករណី ឃាតកម្ម មួយកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណ និងដឹងចំនួន បានធ្វើសកម្មភាពវាយជនរងគ្រោះឈ្មោះ មាស រី ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ជាអ្នកដំណើរ បែកសាច់ដុំភ្នែកទម្លាក់ចូលក្នុងប្រឡាយទឹកភក់ផ្កាប់មុខបណ្ដាលឲ្យស្លាប់។
ក្រោយកើតហេតុលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងមានការចង្អុលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ, បន្សាយត្រែង ចុះធ្វើការស្រាវជ្រាវ កំណត់បានអត្តសញ្ញាណជនសង្ស័យ ចំនួន ០៣ នាក់។
នគរបាលបានឱ្យដឹងទៀតថា ជនសង្ស័យទាំអ០៣នាក់ រួមមាន ទី១៖ ឈ្មោះ អ វ ទ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល (គេចខ្លួន)។ ២៖ ឈ្មោះ ប រ ស ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល (គេចខ្លួន) និងទី៣៖ ឈ្មោះ សិទ្ធ ឈាង ហៅ ហៀង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ត្រូវនគរបាលឃាត់ខ្លួនបាន នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង៣០នាទី យកមកអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ។
ចំពោះសម្ភារៈវត្ថុតាងដកហូតរួមមាន៖ រថយន្ត ០១ គ្រឿង ម៉ាកព្រុស (Prius) ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ 2AX-1453។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា “ខ្លួន និងបក្ខពួកពិតជាបានធ្វើកម្មភាពវាយសម្លាប់នារីជាជនរងគ្រោះពិតប្រាកដមែន។ ដោយសារមូលហេតុ នារីជនរងគ្រោះ គំរាមប្ដឹងប៉ូលីស”។
បច្ចុប្បន្នសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនជនសង័្សយខាងលើទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

