
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា បន្ទាប់ពីបទឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងថៃ បានចូលជាធរមានកណ្តាកអធ្រាត្រនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងបន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហា រហូតដល់ម៉ោង០៦ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថានភាពនៅតំបន់ជួរមុខយោធភូមិភាគ៤ និងភូមិភាគ៥ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ នៅតែមានភាពស្ងប់ស្ងាត់ និងស្ថិរភាព។
កងកម្លាំងយោធាកម្ពុជាឈរជើងយ៉ាងរឹងមាំ និងប្រុងប្រយ័ត្នពេញលេញក្នុងការបំពេញភារកិច្ចរបស់ខ្លួន គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដូចជាកំណត់ហេតុនៃកិច្ចព្រមព្រៀង ចំនួន ១៣ ចំណុច ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការឃ្លាំមើលរបស់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន។
នេះជាការថ្លែងរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ជាមួយគ្នានេះដែរ កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃ អនុវត្តកិច្ចព្រមព្រៀងខាងលើ និងប្រគល់កងកម្លាំងយោធារបស់យើង ចំនួន ១៨រូប មកកម្ពុជាវិញ ដើម្បីឱ្យពួកគេបានជួបជុំក្រុមគ្រួសាររបស់ពួកគេដែលបាន និងកំពុងរងចាំការវិលត្រឡប់មកវិញទាំងយប់ទាំងថ្ងៃ។ អ្វីដែលសំខាន់នោះ គឺទាហានថៃបានចាប់ខ្លួនកងកម្លាំងយោធាកម្ពុជាដោយខុសច្បាប់ភ្លាមៗបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយបើគិតត្រឹមម៉ោង០៧ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ការឃាត់ខ្លួនពួកគេមានរយៈពេល២០ថ្ងៃ ២៣ម៉ោង១០នាទីហើយ។
ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិ បន្តទាមទារឱ្យប្រទេសថៃរក្សាកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនបោះបង់ចោល ឬទុកសមាជិកគ្រួសាររបស់យើងណាម្នាក់ឱ្យនៅឯកោឡើយ។ រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា រួបរួមគ្នាក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាព ដោយការប្តេជ្ញាចិត្ត និងភាពច្បាស់លាស់ឥតងាករេ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់សារជាថ្មីថា ការអនុវត្តពេញលេញនៃបទឈប់បាញ់ដោយភាគីទាំងពីរនឹងបង្កើតបរិយាកាសអំណោយផលសម្រាប់ការស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងភាពប្រក្រតីនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ នេះជាអ្វីដែលមិនត្រឹមតែប្រជាជនទាំងពីររបស់យើងប្រាថ្នាចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលចង់ឃើញដូចដែលបានបង្ហាញដោយសារអបអរសាទរ និងគាំទ្រជាច្រើនចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)។
កម្ពុជាប្តេជ្ញាធ្វើការដោយស្ថាបនា ស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី ប្រទេសសមាជិកអាស៊ានផ្សេងទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនៃបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សង្កេតឃើញថា មានការវិវឌ្ឍន៍ជាវិជ្ជមានបន្តិចម្តងៗតាមរយៈការពិភាក្សាទ្វេភាគីរវាងប្រទេសទាំងពីរ។ ការវិវឌ្ឍដ៏គួរឱ្យកត់សម្គាល់បែបនេះ រួមមាន កិច្ចប្រជុំវិសាមញ្ញ GBC ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញ RBC នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ ដូច្នេះ វាចាំបាច់ណាស់សម្រាប់ភាគីទាំងពីរ ក្នុងការបន្តជំរុញភាពវិជ្ជមាននេះសម្រាប់សន្តិភាព និងស្ថិរភាព ជាពិសេស ដើម្បីស្តារភាពប្រក្រតីឡើងវិញឱ្យប្រទេសទាំងពីរទំនាក់ទំនងលើគ្រប់វិស័យ ក៏ដូចជាសម្រាប់ផលប្រយោជន៍របស់ប្រជាជនទាំងពីរផងដែរ៕

