2025-08-15 09:49
19

ភ្នំពេញ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ហៅកាត់ថា JBC ធ្វើការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជាដោយបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កងឡាន លើកំណាត់ខ្សែព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ទាមទារឱ្យភាគីថៃ ត្រូវរុះរើជាបន្ទាន់នូវបន្លាលួស សំណាញ់ និងកង់ឡាន ព្រមទាំងបាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាពរំលោភបំពានបែបនេះ តទៅទៀត តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) សូមធ្វើការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដូចខាងក្រោម៖
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 46-47 ស្ថិតក្នុងភូមិសាស្ត ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-43 ស្ថិតក្នុងភូមិសាស្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លុះរហូតដល់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានប៉ុនប៉ងធ្វើសកម្មភាពរាយបន្លាលួសសំណាញ់ រនាំង និងដាក់កង់ឡាន នៅបរិវេណច្រកទ្វារព្រំដែនបឹងត្រកួន នៅកំណាត់ខ្សែព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានឬទ្ធិ និងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយឃើញមានវត្តមានប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជា ព្រមទាំងអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅតំបន់នេះយោធាថៃក៏សម្រេចបញ្ឈប់សកម្មភាព និងដកថយត្រឡប់ទៅវិញ។

សកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួសសំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនខាងលើនេះ គឺជាសកម្មភាពរំលោភលើស្មារតីន MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ព្រមទាំងបំផ្លាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

ជាថ្មីម្តងទៀត គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) សូមធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ និងទាមទារឱ្យរុះរើជាបន្ទាន់នូវបន្លាលួសសំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាពរំលោភបំពានបែបនេះ តទៅទៀត នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕