2025-08-14 16:24
28

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសេចក្តីថ្លែងការណ៍ ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា ដោយបានចាត់ទុកថា “ការចោទប្រកាន់ទាំងនេះ គឺជាការប្រឌិតឡើងដោយគ្មានភ័ស្តុតាងគួរឱ្យទុកចិត្ត សំដៅបង្វែរការយកចិត្តទុកដាក់ចេញពីការបំពានរបស់ថៃទៅលើបទឈប់បាញ់ និងច្បាប់អន្តរជាតិប៉ុណ្ណោះ”។

ក្រសួងការបរទេសកម្ពុជា បានធ្វើការឆ្លើយទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ដូចខាងក្រោម៖
១៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ច្រានចោលទាំងស្រុងនូវការចោទប្រកាន់មិនពិត និងមានលក្ខណៈបង្កហេតុ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១០ ខែសីហា និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធកម្ពុជាកាលពីពេលថ្មីៗនេះថា បានដាក់គ្រាប់មីនប្រឆាំងមនុស្សនៅតាមព្រំដែនកម្ពុជា-ថៃ លើទីតាំងក្នុងតំបន់ប្រាសាទតាមាន់ធំ (ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) តំបន់មុំបី អានសេះ និងតាសឺម (ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ដែលបានផ្ទុះបណ្តាលឱ្យទាហានថៃរងរបួស។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា «ការចោទប្រកាន់ទាំងនេះ គឺជាការប្រឌិតឡើងដោយគ្មានភ័ស្តុតាងគួរឱ្យទុកចិត្ត សំដៅបង្វែរការយកចិត្តទុកដាក់ចេញពី ការបំពានរបស់ថៃទៅលើបទឈប់បាញ់ និងច្បាប់អន្តរជាតិប៉ុណ្ណោះ»។

២៖ ឧប្បត្តិហេតុដែលបានលើកឡើងដោយភាគីថៃនេះ បានកើតឡើងនៅក្នុងតំបន់ដែលមានវិវាទ ឬធ្លាប់មានវិវាទពីអតីតកាល ដែលតំបន់ទាំងនេះស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដូចដែល បានកំណត់តាមផែនទីខ្នាត ១:២០០ ០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ផែនទីទាំងនេះត្រូវបានទទួលយកដោយ រដ្ឋទាំងពីរតាំងពីយូរយារណាស់មកហើយ និងត្រូវបានតុលាការយុត្តិធម៌អន្តរជាតិប្រើជាសំអាងសម្រាប់សាលក្រម ឆ្នាំ១៩៦២ និងក្នុងការបកស្រាយសាលក្រមនេះនៅឆ្នាំ២០១៣ ទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ បានហាម ឃាត់បន្ថែមទៀត មិនឱ្យមានការធ្វើសកម្មភាពយោធាជាឯកតោភាគីនៅក្នុងតំបន់ដែលមិនបានកំណត់ព្រំដែន ប៉ុន្តែការហាមឃាត់នេះត្រូវបានប្រទេសថៃបំពានម្តងហើយម្តងទៀត ដោយមិនអើពើទាល់តែសោះចំពោះ លក្ខខណ្ឌនៃបទឈប់បាញ់។

៣៖ ដោយមិនគិតអំពីសិទ្ធអធិបតេយ្យរបស់កម្ពុជាលើទីតាំងកើតហេតុជាក់លាក់ ឧប្បត្តិហេតុផ្ទុះមីននេះ ពិតជាមិន អាចកើតឡើងបានឡើយប្រសិនបើយោធាថែមិនចល័តកម្លាំង និងធ្វើប្រតិបត្តិការក្នុងតំបន់ដែលមានការដឹងឮថា ជាតំបន់មានមីន ដោយបំពានលើកំណត់ហេតុកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែន ទូទៅកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់ជាថ្មីអំពីការហាមឃាត់មិនឱ្យមានការធ្វើចលនាកម្លាំង ឬដើរល្បាតចេញហួសពីទីតាំងបច្ចុប្បន្នរបស់ខ្លួន។ វាគឺជាការពិតដែលតំបន់ទាំងនេះត្រូវបានចុះបញ្ជី យូរណាស់មកហើយ ដោយភ្នាក់ងារដោះមីនជាតិ ក៏ដូចជាអន្តរជាតិ ថាជាចំការមីន ដែលសល់តាំងពីជម្លោះផ្ទៃ ក្នុងរបស់កម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។

៤៖ ប្រទេសកម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅ តែប្រកាន់ខ្ជាប់ខ្ជួនបំផុត ទាំងខ្លឹមសារ និងស្មារតីនៃសន្ធិសញ្ញានេះ។ កិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពមីនប្រកប ដោយនិរន្តរភាពរបស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដី របស់ខ្លួន ក៏ដូចជាការរួមចំណែកដល់ប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិនៅក្រៅប្រទេស ត្រូវបាន សហគមន៍អន្តរជាតិទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយ។ ការចោទប្រកាន់ម្តងហើយម្តងទៀតថា កម្ពុជាបានរំលោភលើចំណងកាតព្វកិច្ចនៃសន្ធិសញ្ញា ដោយបានធ្វើការដាក់គ្រាប់មីនថ្មី គឺ ជាការមិនពិត និងជា ការប៉ុនប៉ងបង្កើនភាពតានតឹង ខណៈដែលប្រទេសទាំងពីរ កម្ពុជានិងថៃ គួរតែធ្វើការរួមគ្នា ដើម្បីរក្សាបទឈប់ បាញ់ដ៏ផុយស្រួយបំផុត បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ វិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានបញ្ចប់ប្រកបដោយលទ្ធផលល្អប្រសើរនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥។៥៖ បញ្ហាដែលធ្ងន់ធ្ងរស្រួចស្រាល់ដូចគ្នាដែរ គឺការប្រកាសបង្កហេតុ និងខុសច្បាប់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ របស់មេបញ្ជាការយោធភូមិភាគទី២របស់ថៃ ដែលលើកពីការប្តេជ្ញាថានឹង "ដណ្តើមយក” ប្រាសាទតាក្របីវិញ ហើយនឹង "បិទ” ប្រាសាទតាមាន់។ សេចក្តីថ្លែងការណ៍បែបនេះ គឺជាការគំរាមកំហែងប្រើកម្លាំង ដែលត្រូវបាន ហាមឃាត់ដោយមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មិនសមស្របនឹងកាតព្វកិច្ចរបស់ប្រទេសថៃ ក្រោមធម្មនុញ្ញអាស៊ាន និងជាការបំពានខ្លឹមសារ និងស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥។ ការថ្លែងបែបនេះ មានលំនាំដូចគ្នានឹងការញុះញង់នៅមុនពេលប្រទេសថៃធ្វើការវាយលុកខុសច្បាប់ ដោយអាវុធ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល និង បេតិកភណ្ឌវប្បធម៌។ កម្ពុជាសូមអំពាវនាវឱ្យថៃគោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន បញ្ឈប់ការចេញសេចក្តី ថ្លែងការណ៍បំភ័ន្ត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយចូលរួមក្នុងន័យស្ថាបនា និងដោយស្មោះត្រង់ ដើម្បីរក្សាបទឈប់បាញ់ដ៏ផុយស្រួយ។

៦៖ កម្ពុជានៅតែប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការដោះស្រាយវិវាទព្រំដែនដែលនៅសេសសល់ទាំងអស់ តាមសន្តិវិធី ដោយអនុលោមតាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៤ និង១៩០៧, អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០, សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ និងវិធាននៃច្បាប់អន្តរជាតិ។ ព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ ជាថ្មីនូវជំហរជាគោលការណ៍របស់ខ្លួនថា គ្មានព្រំដែនជាតិណាមួយអាចនឹងត្រូវបានផ្លាស់ប្តូរតាមរយៈការគំរាម កំហែង ឬការប្រើប្រាស់កម្លាំង។

៧៖ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ កម្ពុជាសូមអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ាន ព្រម ទាំងភាគីឯទៀតដែលបានសហការសម្របសម្រួលបទឈប់បាញ់ ជួយពន្លឿនការបង្កើតយន្តការត្រួតពិនិត្យដ៏ រឹងមាំ មិនលំអៀង និងឯករាជ្យ ដើម្បីធានាបាននូវការគោរពពេញលេញចំពោះបទឈប់បាញ់ ដែលបានព្រមព្រៀង គ្នារួចហើយ ទប់ស្កាត់កំណើនភាពតានតឹង និងជៀសវាងបង្កគ្រោះថ្នាក់បន្ថែមទៀតដល់អាយុជីវិតរបស់កងកម្លាំង ប្រដាប់អាវុធ និងប្រជាជនស៊ីវិល។ កម្ពុជាសូមអះអាងជាថ្មីថា តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការ ដ៏សំខាន់របស់អង្គការសហប្រជាជាតិ នៅតែជាស្ថាប័នដ៏គួរឱ្យទុកចិត្ត និងមិនលំអៀងបំផុតសម្រាប់ការដោះស្រាយ ឱ្យបានជាស្ថាពរនូវជម្លោះព្រំដែនដែលនៅសេសសល់។ កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃទទួលយកយុត្តាធិការ របស់តុលាការដោយស្មោះត្រង់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដចំពោះសន្តិភាពដ៏យុត្តិធម៌ ស្របច្បាប់ និងជានិរន្តន៍៕